(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន រយៈពេល៣ថ្ងៃនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលបានទៅទស្សនាកម្សាន្តនៅតាមរមណីយដ្ឋានទេសចរណ៍នានា ទូទាំងប្រទេសកម្ពុជា មានជាង៦០ម៉ឺននាក់ កើនឡើង៩ភាគរយ បើធៀបនឹងឱកាសដូចគ្នាកាលពីឆ្នាំ២០១៥, នេះបើតាមលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ និងរមណីយដ្ឋាន។
លោក ជុក ជំនោរ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅថ្ងៃទី៣១ ខែមករានេះថា «ក្នុងចំណោមភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាង៦០ម៉ឺននាក់ មានភ្ញៀវទេសចរជាតិជាង៥៣ម៉ឺននាក់ កើនឡើង៨ភាគរយ។ ចំណែកភ្ញៀវទេសចរអន្តរជាតិ មានជាង៧ម៉ឺននាក់ កើនឡើង២០ភាគរយ»។
លោក ជុក ជំនោរ បានបន្តថា ខេត្តគោលដៅទេសចរណ៍សំខាន់ៗ ដែលមានភ្ញៀវទៅទស្សនាកម្សាន្តច្រើនជាងគេ មាន ខេត្តព្រះសីហនុមានជាង៨ម៉ឺននាក់, សៀមរាបមានជាង៨ម៉ឺននាក់, កំពតមានជាង៨ម៉ឺននាក់, កណ្តាលមានជាង៨ម៉ឺននាក់, កែបមានជាង៧ម៉ឺននាក់, រាជធានីភ្នំពេញ មានជាង៤ម៉ឺននាក់, បាត់ដំបងមានជាង៤ម៉ឺននាក់, កំពង់ចាមមានជាង៣ម៉ឺននាក់ និងខេត្តរតនគីរីមានជាង១ម៉ឺននាក់។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានពន្យល់ថា ការកើនឡើងនៃចំនួនភ្ញៀវទេសចរនេះ ដោយសារកម្ពុជាមានសន្តិភាព ស្ថិរភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ប្រជាជនមានជីវភាពធូរធា មានធនធានសម្រាប់ដើរកម្សាន្តបានច្រើន។ ម្យ៉ាងទៀត កម្ពុជាជាតំបន់ទេសចរណ៍ធំមួយ ដែលភ្ញៀវអន្តរជាតិស្គាល់ច្រើន ហើយកម្ពុជាមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ទើបធ្វើឲ្យចំនួនភ្ញៀវទេសចរមានការកើនឡើងរៀងរាល់ឆ្នាំ។
សូមជម្រាបថា នៅឆ្នាំ២០១៦ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៥លាននាក់ ក្នុងកំណើន៥ភាគរយ។ តាមការព្យាករណ៍ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិ យ៉ាងតិច៧លាននាក់ នៅឆ្នាំ២០២០៕