(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លោក សម រង្ស៊ី ដែលកំពុងជាប់ឈ្មោះជា ទណ្ឌិតនៅកម្ពុជានោះ នឹងត្រូវចប់ជីវិតនយោបាយ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីលោកបាត់បង់តួនាទីជាប្រធានគណបក្សសង្រ្គោះជាតិ។
ការលើកឡើងបែបនេះរបស់ លោក សុខ ឥសាន បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានព្រលយអំពីគម្រោងស្នើធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីកំណត់ថា រាល់បុគ្គលទាំងឡាយដែលជាប់ទោសនៅតុលាការ នឹងមិនមានសិទ្ធិធ្វើជាប្រធាន ឬអនុប្រធានគណបក្សនយោបាយនៅកម្ពុជាឡើយ។
លោក សុខ ឥសាន បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃនេះយ៉ាងដូច្នេះថា៖ «អ្នកណាក៏ដឹងដែរថា សម រង្សី បានក្លាយជាទណ្ឌិតតាំងពីយូរមកហើយ ហើយកំពុងទទួលរង និងហ៊ុព័ទ្ធដោយបណ្តឹងជុំទិស បណ្តាលមកពីអំពើល្មើសច្បាប់របស់ខ្លួន ដែលតុលាការកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់។ គ្រាន់តែមួយករណីសម រង្សី បានបាត់បង់សិទ្ធិ បុព្វសិទ្ធិ និងសមាជិកភាពជាតំណាងរាស្ត្រ។ សម រង្សី បានបាត់សិទិ្ធជាពលរដ្ឋ មិនអាចចុះឈ្មោះបោះឆ្នោតបាន មិនអាចបោះឆ្នោត និងមិនអាចឈរឈ្មោះឲ្យគេបោះឆ្នោត»។
លោកបានបន្ថែមថា «បើយ៉ាងដូច្នេះ សម រង្សី ក៏មិនគួរធ្វើជាប្រធានគណបក្សនយោបាយដែរ ដែលចាំបាច់ត្រូវធ្វើវិសោធនកម្មច្បាប់ស្តី គណបក្សនយោបាយដោយមិនត្រូវឲ្យទណ្ឌិត ធ្វើជាប្រធានបក្សឡើយ។ ផ្អែកលើមូលដ្ឋាននេះ សម រង្សី នឹងត្រូវចប់ជីវិតនយោបាយ ក្នុងពេលដ៏ខ្លីខាងមុខនេះ ជាក់ជាមិនខាន។ ជ័យជំនះរបស់ សម រង្សី មានតាំងពីកាលបង្កើតគណបក្សឆ្នាំ១៩៩៥ រហូតដល់ជ័យជំនះ អស់តួនាទីជាប្រធានគណបក្សជាស្ថាពរ»។
លោក សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ២ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ញុះញង់វាយប្រហារ លើឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាមេគុកបឹងត្របែក ហើយលោកក៏ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំថែមទៀត កាលពីចុងខែធ្នូ ឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីក្លែងឯកសារព្រំដែនកម្ពុជា-វៀតណាម។ ក្រៅពីនោះលោក រង្ស៊ី កំពុងជាប់ពាក់ព័ន្ធនឹងបណ្តឹង នៅតុលាការច្រើនថែមទៀត ដែលមិនទាន់កាត់ទោស។
កាលពីដើមខែមករា ឆ្នាំ២០១៧កន្លងទៅ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស គេចចេញពីការអនុវត្តច្បាប់នោះ បាន Comment ឆ្លើយឆ្លងជាមួយសកម្មជនខ្លួន។ ក្នុងការឆ្លើយឆ្លងនោះ លោកបានបង្ហាញពីការនឹងរលឹកដល់សកម្មជន ហើយអះអាងថា លោកជិតបានមកជួបពួកគេហើយ។ ទោះជាយ៉ាងនេះក្តី នៅក្នុងកិច្ចប្រជុំរដ្ឋសភាវិសាមញ្ញ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានព្រមានវ៉ៃខ្នោះទណ្ឌិតរូបនេះផងដែរ បើសិនជា លោក សម រង្ស៊ី មានវត្តមាននៅក្នុងប្រទេសកម្ពុជា ដូចអ្វីដែលលោកលើកឡើងមែននោះ៕