(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា លោក U Htin Kyaw និងភរិយា រួមទាំងគណៈប្រតិភូ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ជាមួយគ្នានោះ លោកប្រធានាធិបតី ព្រមជាមួយគណៈប្រតិភូរបស់លោក នឹងបំពេញកិច្ចការជាច្រើនទាំងនៅរាជធានីភ្នំពេញ និងក្រុងសៀមរាប។

ខាងក្រោមនេះជាព័ត៌មានជុំវិញដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើទឹកដីកម្ពុជារបស់ប្រធានាធិបតីមីយ៉ាន់ម៉ា៖

 

១៖ ថ្ងៃទី០៣ ខែកុម្ភៈ (ថ្ងៃទី១)

* នៅម៉ោង ១១៖០០នាទីព្រឹក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ លោក U Htin Kyaw និងភរិយា ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការទទួលស្វាគមន៍ពីសំណាក់ សម្តេចចៅហ្វាវាំង គង់ សំអុល រួមជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ព្រមទាំងមន្រ្តីជាន់ខ្ពស់ និងបណ្តាមន្រ្តីទូតនានាផងដែរ។ លោកប្រធានាធិបតី និងភរិយា នឹងធ្វើដំណើរមកសណ្ឋាគារ អ៉ិនធើខន (Intercontinetal) ទីកន្លែងសម្រាកនៅក្នុងរាជធានីភ្នំពេញ។

* លុះដល់វេលាម៉ោង ៣៖០០នាទីរសៀលថ្ងៃដដែល លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូ ចាកចេញពីសណ្ឋាគារអ៉ិនធើខន ឆ្ពោះទៅព្រះបរមរាជវាំង ដើម្បីចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ បន្ទាប់មកលោកអញ្ជើញបន្តទៅគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះមហាវិរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងស្តូបវិមានឯករាជ្យ ដោយទទួលស្វាគមន៍ដោយ ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា។

* លុះដល់វេលាម៉ោង៧៖០០នាទីយប់ ថ្ងៃដដែល លោកប្រធានាធិបតី និងភរិយា នឹងអញ្ជើញទៅកាន់ព្រះបរមរាជវាំងម្ដងទៀត ដើម្បីចូលរួមពិធីលៀងសាយភោជន៍ជាមួយ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។ ម៉ោង៨៖៣០នាទីយប់ លោកប្រធានាធិបតី និងភរិយា នឹងអញ្ជើញធ្វើដំណើរត្រឡប់ ទៅកាន់សណ្ឋាគារវិញ។

 

២៖ ថ្ងៃទី០៤ ខែកុម្ភៈ (ថ្ងៃទី២)

* នៅម៉ោង១០៖៣០នាទីព្រឹក លោកប្រធានាធិបតី U Htin Kyaw និងគណៈប្រតិភូ នឹងអញ្ជើញចូលជួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។ កិច្ចពិភាក្សាការងាររវាងប្រមុខដឹកនាំកំពូលនៃប្រទេសទាំងពីរ នឹងបញ្ចប់នៅម៉ោង១១៖៣០នាទី។

* បន្ទាប់ពីបញ្ចប់ជំនួបពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន, លោកប្រធានាធិបតី នឹងអញ្ជើញទៅទស្សនារមណីយដ្ឋាន ទេសចរណ៍ប្រវត្តិសាស្រ្តវត្តភ្នំ ហើយនៅម៉ោង១២៖២០នាទីថ្ងៃត្រង់ លោកនឹងអញ្ជើញត្រឡប់ទៅសណ្ឋាគារវិញ។

* ម៉ោង១៖៣០នាទីរសៀលថ្ងៃដដែល លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញចាកចេញពីសណ្ឋាគារ ធ្វើដំណើរឆ្ពោះ ទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការជូនដំណើរពីសំណាក់ សម្ដេចចៅហ្វាវាំង គង់​​ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីបន្តដំណើរទៅកាន់ខេត្តសៀមរាប។

* លោកប្រធានាធិបតី នឹងអញ្ជើញទៅដល់ខេត្តសៀមរាបនៅម៉ោង៣៖២៥នាទីរសៀល ដោយមានការទទួលស្វាគមន៍ពីសំណាក់ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងបន្តដំណើរទៅសម្រាកនៅសណ្ឋាគារសុខា លើទឹកដីខេត្តសៀមរាប។ នៅទីនោះលោកនឹងអញ្ជើញទៅ ទស្សនាសារមន្ទីរអង្គរ ក្នុងខេត្តសៀមរាប។ នៅម៉ោង៧៖០០នាទីយប់ លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូ នឹងអញ្ជើញចូលរួមពិសារភោជនាហារ នៅសណ្ឋាគារសុខា រៀបចំដោយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។

 

៣៖ ថ្ងៃទី០៥ ខែកុម្ភៈ (ថ្ងៃទី៣)

* ម៉ោង៩៖៥៥នាទីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពីពិសាអាហារពេលព្រឹករួចហើយ លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈ ប្រតិភូ នឹងអញ្ជើញទៅទស្សនា ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ព្រមទាំងប្រាសាទនានារបស់ខ្មែរ។ លោកនឹងត្រឡប់ទៅកាន់សណ្ឋាគារ ហើយនឹងបន្តអញ្ជើញទៅទស្សនា ប្រាសាទតាព្រហ្ម នៅរសៀលម៉ោង៣៖៣០នាទី បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នឹងត្រឡប់មកសណ្ឋាគារសុខាវិញ។


៤៖ ថ្ងៃទី០៦ ខែកុម្ភៈ (ថ្ងៃទី៤)

* វេលាម៉ោង១០៖០០នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ លោកប្រធានាធិបតី និងភរិយា ព្រមទាំងគណៈប្រតិភូមីយ៉ាន់ម៉ា នឹងធ្វើដំណើរឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ដើម្បីធ្វើដំណើរចាកចេញពីទឹកដីកកម្ពុជា ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ ដោយមានការជូនដំណើរ ពីសំណាក់ សម្ដេចចៅហ្វាវាំង គង់ សំអុល រួមជាមួយលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបផងដែរ៕