(ពោធិ៍សាត់)៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា បានបញ្ជាកឲ្យដឹងថា នៅថ្ងៃទី៣១ខែមករានេះ ក្រុមជំនាញស៉ីម៉ាក់ប្រចាំទិសខេត្ត បាត់ដំបង-ពោធិ៍សាត់ ដោយទទួលបានការគាំទ្រ និងសហការពីកំលាំងកងខេមរភូមិន្ទ កងកំលាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន បានចេញប្រតិបតិ្តការកំទេច គ្រាប់នៅតំបន់ភ្នំ និងព្រៃស្រោងស្ថិត នៅភូមិក្បាលស្ទឹង៧០ ភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកបានបញ្ជាក់ថា ការកំទេចចោលគ្រាប់លាក់ទុកសល់ ពីសម័យសង្រ្គាមមានចំនួនជាង៥០០គ្រាប់ ក្នុងនោះមានគ្រាប់១២០អុកគ្រាប់១០០មីល្លីម៉ែត្រ គ្រាប់ដេការ៨២មីល្លីម៉ែត្រ គ្រាប់៨០មីល្លីម៉ែត្រ គ្រាប់៦០មីល្លីម៉ែត្រ និងគ្រាប់បេ៤០។
លោកបន្តថា ការធ្វើដំណើររបស់ស៉ីម៉ាក់ និងសមត្ថកិច្ចមានការពិបាកខ្លាំង ដោយត្រូវដើរឡើងភ្នំមួយចំនួនជិតមួយថ្ងៃពេញ ទើបទៅដល់គោលដៅ។
លោកបន្តថា «ការខិតខំរុករក និងកំទេចចោលសំណល់ជាតិផ្ទុះសង្គ្រាមនេះ ទាំងកងខេមរភូមិន្ទ កងនគរបាល និងកំលាំងស៉ីម៉ាក់នេះ ដើម្បីផ្តល់នូវសុខសុវតិ្ថភាព និងសន្តិភាពទាំងផ្លូវកាយ ផ្លូវចិត្តសតិអារម្មណ៍ និងសុខដុមរនីយកម្មសង្គមទាំងមូល! នេះជាការខិតខំ និងជំរុញរបស់រាជរដ្ឋាភិបាល ជារៀងរាល់ថ្ងៃក្នុងការពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម វាជាការពិតហើយអាចមានកន្លែងខ្លះ មិនទាន់ឆ្លើយតបនឹងសំនូមពរ របស់ប្រជាពលរដ្ឋ និងមានទង្វើខ្លះមិនពេញបំណង របស់ប្រជាពលរដ្ឋទាំងស្រុងនោះទេ ប៉ុន្តែដំណើរការកំពុងតំរង់ទិសទៅ ដោះស្រាយឲ្យចំគោលដៅ ចង់បានទាំងនោះហើយ!»៕