(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីក្រុងពាលីបើកការដ្ឋានសាងសង់សួនពុះទ្រូងផ្លូវជាតិលេខ៤ ចាប់ពីគីឡូម៉ែត្រលេខ៤៣ ដល់គីឡូម៉ែត្រលេខ៥២ ស្ថិតក្រុងច្បារមន ក្រោមអធិបតីភាព លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ។

ពិធីក្រុងពាលីបើកការដ្ឋានសាងសង់ខាងលើ ត្រូវបានប្រារព្ធឡើង នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។ លោក វ៉ី សំណាង បានលើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ ទើបធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន។ ជាក់ស្តែងខេត្តកំពង់ស្ពឺ កាលពីមុនគេនិយាយរិះគន់ថា ជាខេត្តក្រីក្រ និងជាខេត្តដាច់ស្រយ៉ាល។ តែបច្ចុប្បន្ននេះ ប្រជាពលរដ្ឋក្នុងខេត្តមានការអភិវឌ្ឍរីកចម្រើនគ្រប់បែបយ៉ាង ប្រជាពលរដ្ឋមានជីវភាពធូធារ ក៏ដោយសារការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកអភិបាលខេត្តបានបន្តថា «ចាប់ពីពេលនេះតទៅ រដ្ឋបាលខេត្ត បានចាប់ផ្តើមបើកការដ្ឋានសាងសង់សួនពុះទ្រូងផ្លូវ ព្រមទាំងមានដាក់ភ្លើងបំភ្លឺនៅយប់ លើផ្លូវជាតិលេខ៤ ចាប់ពីគីឡូម៉ែត្រលេខ៤៣ រហូតដល់គីឡូម៉ែត្រលេខ៥២»

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវជាតិ និងអ្នកបើកបរនៅលើផ្លូវជាតិនេះ មេត្តាអធ្យាស្រ័យយោគយល់ ដល់ដំណើការស្ថាបនាសួន និងដាក់ភ្លើងបំភ្លឺ ដើម្បីបង្កើនសោភ័ណភាពក្រុង និងទាក់ទាញទាំងអ្នកវិនិយោគមកបណ្តាក់ទុន ព្រមទាំងអាចទាក់ទាញ់ភ្ញៀវទេសចរមកកម្សាន្ត និងស្នាក់នៅក្នុងខេត្តកំពង់ស្ពឺឲ្យកាន់តែច្រើនបន្ថែមទៀត សំដៅបង្កើនការងារ និងប្រាក់ចំណូលជួយប្រជាពលរដ្ឋផងដែរ៕