(ភ្នំពេញ)៖ កម្មករក្រុមហ៊ុនរថយន្តលាយបេតុង «ហាយលែន» ត្រូវបានខ្សែរភ្លើងឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈដែលរូបគេកំពុងកាន់ទុយោបាញ់បេតុសំណង់ផ្ទះល្វែងមួយកន្លែង ស្រាប់តែដងសន្ទូចបាញ់បេតុងនោះ ទៅប៉ះ និងខ្សែភ្លើងបណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់តែម្តង។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ចំណុចការដ្ឋានសំណង់មួយកន្លែង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះខាងលើឈ្មោះ ហ៊ិន សាវី អាយុ២៤ឆ្នាំ មានទីលំនៅក្នុងភូមិទ្រា ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ជាកម្មករក្រុមហ៊ុនរថយន្តលាយបេតុង «ហាយលែន» រយៈពេល៣ឆ្នាំមកហើយ។
សមត្ថកិច្ចដដែលបានឱ្យដឹងទៀតថា នៅកើតហេតុ ជនរងគ្រោះបានកំពុងកាន់ទុយោបាញ់បេតុចាក់គ្រឹះសំណង់ផ្ទះល្វែងខាងលើ ដោយមានបុរសតៃកុងបើកបរជាអ្នកបញ្ជា ដកបាញ់បេតុងនោះឱ្យរេចុះរេឡើង ក៏ទៅរេប៉ះនឹងខ្សែភ្លើងឆ្លងចរន្តភ្លើង ឆក់ស្លាប់ភ្លាមៗតែម្តង ចំណែកតៃកុង និងមេការបានដាក់មេប្រូចបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានទំនាក់ទំនងទៅកាន់សាច់ញាតិបងប្អូន មកទទួលសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនិងរងចាំដោះស្រាយគ្នាជាមួយខាងក្រុមហ៊ុននៅពេលក្រោយ៕