(ភ្នំពេញ)៖ SCG ជាក្រុមហ៊ុនអន្តរជាតិ ឈានមុខគេមួយនៅតំបន់អាស៊ាន បានបញ្ចេញរបាយការណ៍ លទ្ធផលប្រតិបត្តិការបូកសរុប សម្រាប់ឆ្នាំ២០១៦ ដោយក្នុងនោះ នៅប្រទេសកម្ពុជា ក្រុមហ៊ុននេះ រកប្រាក់ចំណូលពីការលក់បាន៣៥៦ពាន់លានរៀល (៨៨លានដុល្លារ) ដោយគិតតែឆមាសទីពីរប៉ុណ្ណោះ ។

តាមសេចក្តីប្រកាសចុងក្រោយនេះ ប្រាក់ចំណេញរបស់ក្រុមហ៊ុននៅទូទាំងតំបន់អាស៊ាន បានកើនឡើង២៤% ធៀបនឹងឆ្នាំមុន ។ ក្រុមហ៊ុន SCG ជឿជាក់ថា នៅក្នុងឆ្នាំ២០១៧ សេដ្ឋកិច្ចរបស់ប្រទេសថៃបានបង្ហាញនិន្នាការស្ទុះងើបឡើងវិញ ខណៈទីផ្សារអាស៊ាននៅតែបន្តរីកចម្រើនឡើង ហើយ ក្រុមហ៊ុនក៏ប្តេជ្ញាបន្តការអភិវឌ្ឍ និងច្នៃប្រឌិតបច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្ម និងបង្កើនភាពប្រកួតប្រជែង ក៏ដូចជានិរន្តរភាព ដើម្បីទប់ទល់នឹងបញ្ហាប្រឈម ដែលអាចកើតមាននាពេលអនាគត ។

លោក Roongrote Rangsiyopash ប្រធាន និងអគ្គនាយកក្រុមហ៊ុន SCG បានឲ្យដឹងថា «ក្នុងតំបន់អាស៊ាន យើងបន្តអនុវត្តយុទ្ធសាស្រ្តផ្សេងៗ ខណៈពង្រឹងម៉ាកយីហោ SCG ហើយជឿជាក់ថា ទីផ្សារអាស៊ានមានសក្តានុពលខ្ពស់ និងមានកំណើនខ្ពស់ ដោយសាររាជរដ្ឋាភិបាល មានគោលនយោបាយវិនិយោគល្អៗ ហើយការប្រើប្រាស់ក្នុងស្រុក និងការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ានមានលក្ខណៈល្អប្រសើរ»

លោកបន្ដថា «សម្រាប់គម្រោងវិនិយោគក្នុងតំបន់អាស៊ានរបស់ក្រុមហ៊ុន SCG គ្រប់យ៉ាងមានដំណើរការស្របតាមផែនការ ហើយក្រុមហ៊ុន ក៏បានត្រៀមខ្លួនរួចជាស្រេច ចំពោះបញ្ហាប្រឈមនាពេលអនាគត ដែលអាចកើតឡើងនៅក្នុងឆ្នាំនេះ ដូចជាចំណាយលើវត្ថុធាតុដើម សារធាតុគីមី និងតម្លៃថាមពលកើនឡើង ជាដើម» ។

គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៦ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន SCG គឺស្មើនឹងទឹកប្រាក់ ៦១,៣២៨ ពាន់លានរៀល (១៥,០៦៧ លានដុល្លារ) ខណៈដែលទ្រព្យសកម្មសរុប របស់ក្រុមហ៊ុន ក្នុងតំបន់អាស៊ាន មានចំនួនទឹកប្រាក់ ១៤,៣២៤ ពាន់លានរៀល (៣,៥១៩ លានដុល្លារ) ស្មើនឹង២៣% នៃទ្រព្យសកម្មប្រមូលផ្តុំសរុបរបស់ក្រុមហ៊ុន ។

នៅកម្ពុជា ក្រុមហ៊ុន SCG កាន់កាប់ទ្រព្យសកម្មសរុប ស្មើនឹងចំនួនទឹកប្រាក់ ១.២៨១ ពាន់លានរៀល (៣១៥ លានដុល្លារ) ដែលជាការកើនឡើង២% ធៀបនឹងឆ្នាំមុន ។ របាយការណ៍សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៦ របស់ក្រុមហ៊ុន ក៏បានបង្ហាញថា ប្រាក់ចំណូលពីការលក់នៅកម្ពុជា គឺមានចំនួនទឹកប្រាក់១៦០ ពាន់លានរៀល (៤០លានដុល្លារ) ដែលជាការកើនឡើង៦% ធៀបនឹងឆ្នាំមុន ដែលទទួលបានពីអាជីវកម្មស៊ីម៉ង់ត៍ ។ សម្រាប់ ឆមាសទី២ ឆ្នាំ២០១៦ ប្រាក់ចំណូលពីការលក់សរុបនៅកម្ពុជា មានចំនួនទឹកប្រាក់ ៣៥៦ពាន់លានរៀល (៨៨ លានដុល្លារ) ។

ទាក់ទងនឹងសកម្មភាពថ្មីចុងក្រោយបំផុតនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន CPAC Concrete បានប្តូរម៉ាកយីហោរបស់ខ្លួន មកជាម៉ាកយីហោ SCG ស្របតាមយុទ្ធសាស្រ្ត «ម៉ាកយីហោតែមួយ» សម្រាប់ទីផ្សារអាស៊ាន និងដើម្បីបន្តផ្តល់ផលិតផល និងសេវាកម្មប្រកបដោយគុណភាព ក្រោមម៉ាកយីហោ SCG ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន SCG កំពុងផ្តល់ជូននូវជម្រើសផលិតផលគ្រប់មុខរបស់ខ្លួន ទៅដល់អតិថិជននៅកម្ពុជា រួមមានផលិតផលស៊ីម៉ង់ត៍ ក្បឿង ក្តារបន្ទះ និងឈើសប្បនិម្មិត បេតុងលាយស្រេច និងបំពង់ទីបជ័រ ហើយតម្រូវការសម្រាប់ផលិតផលស៊ីម៉ង់ត៍ និងសម្ភារៈសំណង់នៅកម្ពុជា បន្តកើនឡើងដោយការរីកលូតលាស់ និងកំណើនរបស់វិស័យសំណង់៕