(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានចេញសេក្តីជូនដំណឹងមួយ ប្រាប់ប្រជាពលរដ្ឋ២១០ខ្នងផ្ទះ នៅភូមិចុងកោះសង្កាត់ ផ្សារឆ្នាំង ដែលកំពុងរស់នៅតាមមាត់ច្រាំងទន្លេ ត្រូវផ្លាស់ប្តូរទីលំនៅជាបន្ទាន់ ផ្អែកតាមផែនការអភិវឌ្ឍន៍ច្រាំងទន្លេផ្សារក្រោម។
ការប្រកាសនេះធ្វើឡើងយោងតាមសេចក្តីសម្រេច របស់ក្រុមប្រឹក្សាខេត្តលកំពង់ឆ្នាំង ស្តីពីការដាក់ឲ្យចាត់តាំងអនុវត្ត ផែនការ រៀបចំសណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព និងការអភិវឌ្ឍន៍ច្រាំងទន្លេ ក្រុងកំពង់ឆ្នាំងរយៈពេល៥ឆ្នាំ(២០១៥-២០១៩) ដើម្បីជៀសវាងមន្ទិលសង្ស័យនានា ដែលបង្កឡើងដោយក្រុមជនអគតិបំផុសបំផុល និងនិយាយគ្មានការពិតបង្ខំឲ្យបងប្អូនផ្តិត មេដៃក្នុងគោលបំណងផ្សេងៗ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរុះរើសចេញពីតំបន់ខាងលើដោយផ្តល់ជូនរួមមាន ៖ដី១ប្លង់(៥ម៉x២០ម៉)ដោយមិនគិតថ្លៃ ប៉ុន្តែបងប្អូនត្រូវចេញថ្លៃចាក់ដីចំនួន១ពាន់ដុល្លារ ក្នុង១ប្លង់ដោយបង់រំលោះ២ឆ្នាំ ក្រៅពី នោះ រដ្ឋបាលខេត្តក៏បានផ្តល់ប្រាក់ជូនមួយចំនួន ដែលបានស្ម័គ្រចិត្តរុះរើទៅរស់នៅលើដីឯកជន។
សេចក្តីជូនដំណឹង បានបញ្ជាក់ឲ្យដឹងថា បុគ្គលដែលភូតភរបោកប្រាសឲ្យប្រជាពលរដ្ឋដែលនៅសេសសល់ផ្តិចមេដៃ យកទៅ ធ្វើរឿយមិនគួរគប្បីឬខុសច្បាប់អ្វីមួយនោះ រដ្ឋបាលខេត្ត និងចាត់វិធានការណ៍តាមនីតិវិធីច្បាប់ យ៉ាងម៉ឺងម៉ាត់ ក្នុងករណីប្រព្រឹត្ត ខុសឆ្គង។
យោងតាមមន្រ្តីសាលាខេត្តកំពង់ឆ្នាំង បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា កន្លងមកអាជ្ញាធរខេត្តបានសម្រូល និងដោះស្រាយជាមួយប្រជាពលរដ្ឋ បានមួយចំនួន ក្នុងចំណោម២១០ផ្ទះខ្នង ក្នុងនោះ មានប្រជាពលរដ្ឋ៥៣ខ្នងផ្ទះ បានសម្រេចទទួលយកសំណង ហើយព្រមរុះរើ និងចាកចេញដោយស័គ្រ្មចិត្ត និង១៤៧ខ្នងផ្ទះទៀត ព្រមទទួលយកដីឯកជន ដែលរដ្ឋបាលខេត្តបានកំណត់ដោយមិនគិតថ្លៃ ប៉ុន្តែបងប្អូនត្រូវចេញថ្លៃចាក់ដីចំនួន១ពាន់ដុល្លារ ក្នុង១ប្លង់ដោយបង់រំលោះ២ឆ្នាំ។ ក្រៅពីនោះ នៅសល់តែប្រជាពលរដ្ឋ១០ផ្ទះខ្នងទៀតប៉ុណ្ណោះ ដែលមិនព្រមទទួលយកសំណង និងទទួលយកដីឯកជនដែលរដ្ឋបាលខេត្តបានផ្តល់ជូន។
យ៉ាងណាក៏ដោយ ករណីនេះ អាជ្ញាធរខេត្ត និងរដ្ឋបាលខេត្ត នៅតែបន្តសម្របសម្រួល និងដោះស្រាយករណីនេះ ឲ្យបានឆាប់តាមកដែលអាចធ្វើបាន ហើយជាដំណោះស្រាយដែលប្រជាពលរដ្ឋអាចទទួលយកបានផងដែរ៕