(ភ្នំពេញ)៖ នៅក្នុងខែមករា ឆ្នាំ២០១៧ យ៉ាងហោចណាស់មានប្រជាពលរដ្ឋចំនួន ១៨២នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ បើគិតជាមធ្យមក្នុង១ថ្ងៃអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួន៦នាក់ ខណៈអ្នករបួស១៨នាក់ នេះបើយោងតាម របាយការណ៍ ដែលលើកឡើង ក្នុងកិច្ចប្រជុំអនុគណៈកម្មការ ត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដែលរៀបចំឡើយ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ។
ដោយមានណែនាំពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការ ត្រួតពិនិត្យការ អនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក (អនុគណៈកម្មការទី២) នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ព្រឹកថ្ងៃទី៣១ ខែមករានេះ ឧត្តមសេនីយ៍ឯក ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានអចិន្រ្តៃយ៍ បានដឹកនាំការប្រជុំត្រួតពិនិត្យ ពង្រាងរបាយការណ៍ បូកសរុបលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែមករា ឆ្នាំ២០១៧ និងលើកទិសដៅសម្រាប់ខែបន្ទាប់។
កិច្ចប្រជុំនោះក៏មានការចូលរួមពី លោក គឹម សន្តិភាព អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានអនុគណៈកម្មការទី២ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងសមាជិក ជាច្រើនរូបទៀត ។
តាមរបាយការណ៍បានឲ្យដឹងថា បើប្រៀបធៀបរយៈពេលដូចគ្នានៃឆ្នាំ២០១៦ ក្នុងខែមករា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់កើតឡើង ចំនួន៣៧៣លើក លើ៤៣១លើក (កើន៥៨លើក ស្មើ១៨%) អ្នកស្លាប់មានចំនួន១៨២នាក់ (ស្មើ) និងរបួសធ្ងន់ស្រាលចំនួន៥៦២នាក់ លើ៥០២នាក់ (ថយ៦០នាក់ ស្មើ១០%) ភាគច្រើននៅរាជធានីភ្នំពេញ (ស្លាប់១៧នាក់) ខេត្តកំពត (ស្លាប់១៥នាក់) និងខេត្ត បន្ទាយមានជ័យ (ស្លាប់១៤នាក់)។ ជាមធ្យមមានជនរងគ្រោះស្លាប់ចំនួន ៦.០៦នាក់ និងរបួសចំនួន ១៨.៧នាក់ ក្នុងមួយថ្ងៃ បង្កដោយការបើកបរល្មើស ល្បឿនកំណត់៣៦% ស្រវឹង១៦% មិនគោរពសិទ្ធិអាទិភាព១៦% បត់មិនប្រយ័ត្ន១១% មិនប្រកាន់ស្តាំ១១% វ៉ាជែង១០% និងកត្តាយាន២%។
នគរបាលចរាចរណ៍ផ្លូវគោ ក្នុងខែមករានេះ មានត្រួតពិនិត្យយានយន្តសរុប ៥០,៣០៤៣គ្រឿង (ម៉ូតូ៥៦%) បានរកឃើញយានយន្ត ល្មើស ៦៥,៦៣៧គ្រឿង (ស្មើ១៣%) បានអប់រំ១៧,៨៦៨នាក់(ស្មើ២៨%) និងពិន័យ ៤៧,៧៦៩នាក់ (អ្នកបើកបររថយន្ត ៣៨% និងម៉ូតូ ៦២%)។
ក្រោយកិច្ចពិភាក្សា អង្គប្រជុំបានដាក់ចេញ នូវទិសដៅសម្រាប់អនុវត្តបន្តមួយចំនួនដូចជា៖ បន្តជម្រុញការអប់រំផ្សាយច្បាប់បន្តជម្រុញ ការរឹតបន្តឹងត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ ជម្រុញក្រុមការងារទាំង៧ក្រុម បន្តជម្រុញអនុគណៈកម្មការរាជធានីខេត្តអនុវត្ត សេចក្តីសម្រេចលេខ០០៦ ក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ជម្រុញការបំពាក់ផ្លាកសញ្ញា ភ្លើងសញ្ញា បង្កើនចំណត សាធារណៈ បង្កើនមធ្យោបាយសាធារណៈ ការជួសជុលថែទាំផ្លូវ ការសម្រួលសេវាសាធារណៈ និងពង្រឹងយន្តការតាមដានប្រតិកម្ម របស់សាធារណជន៕