(ភ្នំពេញ)៖ ក្រុមប្រឹក្សាធម្មនុញ្ញចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ ដោះស្រាយបណ្តឹងរបស់តំណាងគណបក្សសង្រ្គោះជាតិ ដែលប្តឹងឲ្យលុបឈ្មោះ អ្នកបោះឆ្នោតក្នុងបញ្ជី​ឈ្មោះបោះឆ្នោតថ្មី​បានចំនួន ៨បណ្តឹងហើយ។ ជាលទ្ធផលបណ្តឹង​ទាំង៨នេះ ក្រុមប្រឹក្សាបាន​សម្រេចរក្សាឈ្មោះអ្នក​បោះឆ្នោតទាំង ៥៦៤នាក់​ក្នុងបញ្ជីឈ្មោះបោះឆ្នោត​ដដែល ពោលមិនលុបចោល​តាមការទាមទារ​របស់គណបក្សសង្រ្គោះជាតិ​នោះឡើយ។

យោងតាមសេចក្តីជូនដំណឹង​របស់គណបក្ស​សង្រ្គោះជាតិ បានឲ្យដឹងថា បណ្តឹងដែល​រុញមកពី​គណៈកម្មការធិការជាតិរៀបចំ​ការបោះឆ្នោត ត្រូវបានប្តឹង​ដោយ លោក ផែង ហេង និង លោក កាក់ កុម្ភារ ជាភ្នាក់ងារគណបក្សសង្រ្គោះជាតិ។ បណ្តឹងនេះ គឺភ្នាក់ងារគណបក្សសង្រ្គោះជាតិ ទាមទារឲ្យឈ្មោះអ្នកបោះឆ្នោត ក្នុងបញ្ជីឈ្មោះ​បោះឆ្នោតថ្មី​ចំនួន ៥៦៤នាក់ មកពីតាមការិយាល័យ​ចុះឈ្មោះនានា​នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ដោយពួកគេអះអាងថា ជា​ជនជនបរទេស។

លោក អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់ថា បណ្តឹងរបស់​ភ្នាក់ងារគណបក្សសង្រ្គោះជាតិ គឺត្រឹមត្រូវ​តាមច្បាប់ ប៉ុន្តែខុសនឹងគតិច្បាប់ ព្រមទាំងបាន​ចាត់ទុកការ​សម្រេចរបស់គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត​ជាបានការ។

មន្រ្តីក្រុមប្រឹក្សាធម្មនុញ្ញបានឲ្យដឹងថា មកដល់ពេលនេះក្រុមប្រឹក្សាធម្មនុញ្ញទទួលបានបណ្តឹងចំនួន ៦០បណ្តឹងពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយដោះស្រាយទើបបាន ៨បណ្តឹងប៉ុណ្ណោះ៕