(សៀមរាប)៖ អាជីវករផ្សារលើធំថ្មីខេត្តសៀមរាបរាប់រយនាក់ បាននាំគ្នាអះអាងថាបើលោកសូ ប្លាតុង អភិបាលក្រុង​សៀមរាប​នៅតែមានៈ ចង់បោះឆ្នោតជ្រើសរើស ប្រធានគណៈកម្មាធិការ​ប្រតិបត្តិសមាគមផ្សារថ្មី ដោយគ្មានហេតុផលត្រឹមត្រូវទៀត ពួកគាត់នឹងមិនទៅបោះឆ្នោត ឡើយ ហើយនឹងនាំគ្នាធ្វើការតវ៉ាប្រឆាំងនឹងផែនការនេះ ព្រោះចំណាត់ការ​របស់លោកសូ ប្លាតុង ផ្ដើមចេញពីទំនាស់បុគ្គលតែប៉ុណ្ណោះ។

អាជីវករលក់ដូរនៅផ្សារលើធំថ្មី ខេត្តសៀមរាបជាច្រើននាក់ បានអះអាងថាផ្ដើមចេញពីជំលោះផលប្រយោជន៏បុគ្គលម្នាក់ លោកសូ ប្លាតុង បានសំរេចដក ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគម ផ្សារលើធំថ្មីចេញដោយប្រកាសបោះឆ្នោតរើសប្រធានថ្មីតាមរបៀបបន្លែបន្លំ មិនច្បាស់ លាស់ ខណៈអាជីវករភាគច្រើន លើសលប់គាំទ្រប្រធាន ផ្សារបច្ចុប្បន្ន។

អាជីវករមួយក្រុមបានរាយការណ៏អោយ Fresh News ជួយផ្សាយពីផែនការ របស់លោកសូ ប្លាតុង ប្រុងដកប្រធានផ្សារលើនេះ តាមរយៈបោះឆ្នោតបន្លែបន្លំ ដើម្បីអោយថ្នាក់លើបានជ្រាប ជាពិសេសលោកអភិបាលខេត្តឃឹម ប៊ុនសុង តែម្ដងដើម្បីជួយមានវិធានការទប់ស្កាត់កុំអោយរឿងតូចក្លាយទៅជារឿងធំទាន់។

ពាក់ព័ន្ធករណីនេះ ត្រូវបានអាជីវករមួយរូបបានទូរស័ព្ឌរៀបរាប់ប្រាប់ Fresh News អោយដឹងថា លោកអភិបាលក្រុងសៀមរាប សូ ប្លាតុង ពិតជា មានគម្រោង ការដកប្រធានផ្សារ លើប្រាកដមែន​តាមរយៈបោះឆ្នោត​បន្លែបន្លំបក្ខពួកនិយម ហើយគម្រោងការនេះត្រូវបរាជ័យម្ដងរួចមកហើយ ខណៈលោកអភិបាលក្រុង ចេញសេចក្ដី​ជូនដំណឹង អោយអាជីវករទៅបោះឆ្នោតរើសប្រធានថ្មី គឺមានតែអាជីវករជាបក្ខពួកមិនដល់ ១០០នាក់ ផងទៅចូលរួមហើយ ដោយសារឃើញអាជីវករតិចពេក ក៏ប្រកាស​ផ្អាកវិញទៅ។

ឥឡូវស្រាប់តែលោកសូ ប្លាតុងប្រកាសធ្វើការបោះឆ្នោតរើស ប្រធានផ្សារសារជាថ្មីនៅថ្ងៃទី៥ ខែកុម្ភះខាងមុខនេះម្ដងទៀត ទើបធ្វើអោយក្រុមអាជីវករ ភាគច្រើន ប្រកាសប្រឆាំង រហូតដល់ត្រៀមធ្វើបាតុកម្ម ទៀតផង។ អាជីវករខាងលើ​បានបន្ថែមថារឿង​លោកសូ ប្លាតុង ព្យាយាមដកប្រធានផ្សារលើនេះ គឺផ្ដើមចេញពីរឿងគំនុំ បុគ្គលរវាង​អាជីវករនិង អាជីវករតែប៉ុណ្ណោះ តែដោយសារប្រធានផ្សារមិនកាន់ជើងអាជីវករដែលខូច ហើយអាងខ្លួនមានលុយក៏រត់រកខ្នង ចាយលុយធ្វើយ៉ាងណាអោយតែ ដកប្រធានផ្សារអោយបាន ទើបលោកសូ ប្លាតុង ខ្នះខ្នែងព្យាយាមម្ដង ជាពីរដងដកតាមរយៈបោះឆ្នោត ទំលាក់បែបនេះតែម្ដងទៅ។

អាជីវករដែលដឹងរឿងរ៉ាវខាងលើបានអះអាងថាផ្សារលើធំថ្មីនេះដើមឡើយដោយសាររដ្ឋមិនមានថវិកាធ្វើការកសាង ក៏បានអោយគណៈកម្មាធិការ ផ្សារជាអ្នកចេញលុយ ធ្វើហើយលក់តូបអោយអាជីវករក្នុងតម្លៃថោកៗនិងបង់លុយជាដំណាក់កាលៗតាំងពីឆ្នាំ២០០០មកម្ល៉េះដោយគណៈកម្មាធិការផ្សារ ដែលមានលោកស៊ាង ណារ៉េន ជាប្រធានគ្រប់គ្រងរដ្ឋបាលរយៈពេល៣០ឆ្នាំ ចំណែកការយកភាសុីចូលរដ្ឋគឺមានអ្នកដេញថ្លៃយកផ្សេង។

លុះនៅពេលថ្មីៗនេះមានអាជីវករម្នាក់ ដែលលក់ខោអាវ មិនសូវដាច់ក៏សំរេចជួលតូបអោយគេលក់មាសវិញ ហើយក៏បានរត់ការសុំច្បាប់ប្ដូរមុខរបរទៅប្រធានផ្សារ និងអភិបាលក្រុងសៀមរាបដោយលោកសូ ប្លាតុង ខ្លួនឯងជា អ្នកចុះហត្ថលេខាឯកភាពទៀតផង។ប៉ុន្តែក្រោយមកក៏មានម្ចាស់តូបលក់មាសនៅក្បែរនោះ មិនចង់អោយមានតូបលក់មាស នៅក្បែរខ្លួនខ្លាចបាត់ អតិថិជនក៏ប្ដឹងតវ៉ា មិនអោយម្ចាស់តូបខាងលើប្ដូរមុខរបរ ពីលក់ខោអាវទៅលក់មាសនោះឡើយ។

ក្រោយម្ចាស់តូបក្បែរខាងប្ដឹង ប្រធានផ្សារមិនឯកភាពតាម ព្រោះនៅក្នុងផ្សារនេះ ការប្ដូរមុខរបរ តែងតែមាន កុំអោយតែប្ដូរ​ទៅធ្វើអោយប៉ះពាល់ដល់ សណ្ដាប់ធ្នាប់ និងសោភ័ណ​ភាព​ផ្សារខ្លាំងពេក ហើយក៏ជាការយោគយល់របស់ប្រធានផ្សារធ្វើមិចអោយតែអាជីវកររកទទួលទានបានផលចំណេញ។ ដោយ សារតែប្រធានផ្សារ មិនឯកភាព ទើបម្ចាស់តូបដែលជាអ្នកប្ដឹងរត់ការរកខ្នងបង្អែកជួយដែលលទ្ធផលគឺលោកសូ ប្លាតុង សម្រេចមិនអនុញ្ញាតអោយប្ដូរ មុខរបរហើយក៏បានចេញលិខិត មោគភាពហត្ថលេខាអនុញ្ញាតរបស់ខ្លួនពីមុនចោលវិញ ហើយប្រធានផ្សារក៏មិនឯកភាពតាម។បន្ទាប់មកនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្រាប់តែលោកសូ ប្លាតុង ប្រកាសបោះឆ្នោតរើសប្រធានផ្សារថ្មីនៅថ្ងៃទី២២ ខែមករា ទាំងប្រធានផ្សារមិនដឹងខ្លួនមុន ហើយលោក សូ ប្លាតុង ប្រកាសថាមានបេក្ខជនឈរឈ្មោះ អោយអាជីវករ​បោះឆ្នោតចំនួន៣នាក់ តែមិនបានប្រាប់ឈ្មោះ​អោយអាជីវករ​បានស្គាល់ឡើយ ហាក់ដូចជា មានអាថកំបាំងអ្វីមួយបង្កប់នៅពីក្រោយ។

លុះដល់ថ្ងៃបោះឆ្នោតតាមការកំណត់ ក្នុងចំណោមអាជីវករជាង​១០០០នាក់ មានតែអាជីវករមិនដល់១០០នាក់ផង នាំគ្នាទៅបោះឆ្នោតធ្វើអោយការបោះឆ្នោតបរាជ័យ ហើយគណៈកម្មការ​ក៏ប្រកាស​លើកពេលទៅថ្ងៃក្រោយវិញ​តែម្ដងទៅ។ ក្រុមអាជីវករភាគច្រើន បានសំណូមពរសុំអោយ​លោកអភិបាលខេត្ត ឃឹម ប៊ុនសុង ជួយបញ្ឈប់ គម្រោងការ​របស់លោក​អភិបាលក្រុងសូ ប្លាតុងនេះផង ដើម្បី កុំអោយរឿងតូចក្លាយទៅជា​រឿងធំទាន់ ព្រោះបើមិនដូច្នោះទេ នៅថ្ងៃទី៥ ខែកុម្ភះខាងមុខនេះ បើមានការបោះឆ្នោតតាមរយៈការបន្លែបន្លំមែន នឹងមានផ្ទុះការ តវ៉ាពីអាជីវករភាគច្រើនជាមិនខាន។ដោយឡែកអាជីវករម្នាក់ទៀតដែលអះអាងថាខ្លួនឈ្មោះចាន់ ធូ បានទូរស័ព្ឌ​មកអះអាង​ប្រាប់ Fresh News នៅរសៀលថ្ងៃ នេះថាតាម​ពិតការប្រឆាំង មិនអោយម្ចាស់តូបលក់​ខោអាវ ប្ដូរមកលក់មាសនេះគឺមានរហូតដល់ ទៅជាង ៧០តូប ឯណោះ មិនមែនមានតែ១តូបនោះទេ ព្រោះតែអាជីវករ​លក់មាសសំអាងថា​ បើគាត់ប្ដូរមុខរបរ​គួរតែប្ដូរមកកន្លែង​ប្លង់លក់​មាសទៅ មិនត្រូវយកតូបលក់​ខោអាវប្ដូរមក​លក់មាស​នោះទេ វាខុសទីតាំងដែលគណៈ កម្មការបានបែងចែកប្លុកលក់ដូររួចហើយ។

ដោយឡែកនៅថ្ងៃបោះឆ្នោត​រើសប្រធានគណៈកម្មាធិការ​ផ្សារថ្មី គឺមានអាជីវករមក​ចូលរួមជាង​១៧០នាក់ឯណោះ។ ពាក់ព័ន្ធព័ត៌មាន​ពីអាជីវករខាងលើនេះ នៅរសៀល ថ្ងៃទី៣១ ខែកុម្ភះ ឆ្នាំ២០១៧នេះ Fresh News មិនអាចធ្វើការទាក់ទង​សុំការបំភ្លឺពីលោក​អភិបាលក្រុង សៀមរាបសូ ប្លាតុង បានឡើយ ព្រោះ​មិនមានលេខទូរស័ព្ឌ សំរាប់ធ្វើការ​ទាក់ទង៕

លោក សូ ប្លាតុង