(ភ្នំពេញ)៖ លោក នេត ភក្រ្តា មន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់សិស្សានុសិស្ស ចំនួន៣៣០នាក់ មកពីវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង ទៅកាន់សាលាក្តីខ្មែរក្រហម និងនៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងបឹងជើងឯក នឹងធ្វើឱ្យយុវជនទាំងនេះ កាន់តែមានការយល់ដឹងកាន់តែច្រើន ថែមទៀត អំពីរបបខ្មែរក្រហម ជាពិសេសបានយល់ ដឹងថាតើហេតុអ្វីបានជាខ្មែរក្រហមបង្កើត មន្ទីរសន្តិសុខ និងកន្លែងវាលពិឃាតមនុស្ស។
សិស្សានុសិស្សចំនួន ៣៣០នាក់ មកពីវិទ្យាល័យព្រះអង្គឌួង ខេត្តព្រៃវែង បានធ្វើទស្សនកិច្ចសិក្សា នៅសាលាក្តីខ្មែរក្រហម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០១៧នេះ ដើម្បីស្វែងយល់អំពី ដំណើរការជំនុំជម្រះក្តី លើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុង របបខ្មែរក្រហម ក៏ដូចជាស្វែងយល់ពីរឿងរ៉ាវមួយចំនួនដែលបានកើតឡើងក្នុងរបបនោះ។
លោក នេត ភក្រ្តាបន្តថា របបខ្មែរក្រហមដែលគេជឿថា បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនលាននាក់បានស្លាប់បាត់បង់ជីវិតយ៉ាងវេទនា ខ្លោចផ្សាបំផុត ដោយការធ្វើទារុណកម្ម សម្លាប់ អត់អាហារ គ្មានថ្នាំសង្កូវព្យាបាល និងការស្លាប់ដោយការ ធ្វើការងារហួសកម្លាំង និងដោយ អំពើអមនុស្សធម៌ផ្សេងទៀត។លោកថា ការយល់ដឹងរបស់យុវជនលើរឿងរ៉ាវសោកនាដកម្ម ដែលកើតឡើងក្នុងរបបខ្មែរ ក្រហមជាការចាំបាច់បំផុត។
មន្រ្តីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមរូបនេះ សង្កេតឃើញថាទោះបីជាសិស្សានុសិស្សទាំងអស់ កើតមិនទាន់របបខ្មែរក្រហមក៏ ពិតមែនប៉ុន្តែពួកគាត់បានចងចាំនូវ រឿងរ៉ាវផ្សេងៗ អំពីរបបខ្មែរក្រហមតាមរយៈការនិយាយប្រាប់តៗគ្នារបស់ឪពុកម្តាយ និង ជីដូនជីតារបស់ពួកគេនិងជាពិសេស បានស្គាល់នូវឈ្មោះអតីតមេដឹកនាំខ្មែរក្រហមដែលកំពុងត្រូវបានយកមកជំនុំជម្រះក្តី នៅ ចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាក្នុងនោះរួមមាន កាំង ហ្គេកអ៊ាវ ហៅឌុច អតីតប្រធានគុក ទួលស្លែង នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងអៀង ធីរិទ្ធ អតីតរដ្ឋ មន្ត្រីក្រសួងសង្គមកិច្ចក្នុងរបបខ្មែរក្រហម។
ចំពោះសិស្សានុសិស្សទាំង៣៣០នាក់រូបបានឆ្លើយព្រមៗគ្នាថា ពួកគេមិនចង់ឱ្យមានរបបខ្មែរក្រហមនេះវិលមកវិញទេព្រោះ លំបាកខ្លាំង ហើយគ្មានសាលារៀន វត្តអារាម ហើយសិទ្ធិសេរីភាពសព្វបែបយ៉ាងត្រូវបានលុបបំបាត់ រាប់ទាំងសិទ្ធិសេរីភាព ក្នុងការជ្រើសរើសគូស្រករជាដើម។ សិស្សានុសិស្សបានលើកឡើងថានៅក្នុងរបបខ្មែរក្រហមមាន តែការចាប់បង្ខំឱ្យធ្វើការងារ និងហូបមិនឆ្អែត ហើយកុមារគ្មាន ឱកាសចូលសាលារៀនឡើយ៕