(សៀមរាប)៖ ការអនុវត្តការដំឡើងថ្លៃ លក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នឹងត្រូវចាប់ផ្តើមចាប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ស្អែកនេះតទៅហើយ នេះបើតាមការបញ្ជាក់របស់ មន្ត្រីក្រសួងទេសចរណ៍ ក្នុងសន្និសីទសារព័ត៌មាន នៅគ្រឹះស្ថានអង្គរ នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ។
គ្រឹះស្ថានអង្គរ ដែលជាសហគ្រាសសាធារណៈរបស់រដ្ឋ ទទួលសិទ្ធិគ្រប់គ្រង់ការលក់សំបុត្រ ចូលទស្សនាតំបន់អង្គរ បានបញ្ជាក់ជូន សាធារណជនជាតិ អន្តរជាតិ ប្រតិបត្តិករទេសចរណ៍ ព្រមទាំងភ្ញៀវទេសចរទាំងអស់ ឲ្យបានជ្រាបពីការចាប់ផ្តើម របស់រាជរដ្ឋាភិបាល ក្នុងការការកែប្រែតម្លៃប័ណ្ណ សម្រាប់ភ្ញៀវបរទេសចូលទស្សនារមណីយដ្ឋានអង្គរ។
តម្លៃប័ណ្ណចូលទស្សនាតំបន់អង្គរត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧តទៅរួមមាន៖
* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ៣៧ដុល្លារ
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ៧២ដុល្លារ និងមានសុពលភាព០១ខែ
នៅក្នុងតម្លៃថ្មីប័ណ្ណចូលទស្សនាទាំង៣ប្រភេទខាងលើនេះ ត្រូវដកចំនួន២ដុល្លារ សម្រាប់ចូលមូលនីធិមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយក្នុងការព្យាបាលជំងឺ ដល់កុមារក្រីក្រកម្ពុជា ដែលនេះគឺជាការចូលរួមចំណែក ដោយផ្ទាល់ពីភ្ញៀវទេសចរបរទេស ក្នុងការចូលរួមជួយព្យាបាលជំងឺ ដល់កុមារក្រីក្រកម្ពុជាផងដែរ។
រយៈពេលពេញ១ឆ្នាំ ២០១៦ គ្រឹះស្ថានអង្គរបានលក់ប័ណ្ណ ចូលទស្សនាតំបន់អង្គរ ទៅឲ្យភ្ញៀវទេសចរបរទេសចំនួន ២,១៩៧,២៥៤ នាក់ កើនឡើង៤.៦៣ភាគរយ ប្រមូលចំណូលបាន ៦២,៥៨២,២០០ដុល្លារអាមេរិក កើនឡើង៤.២១ភាគរយ បើធៀបនឹងឆ្នាំ២០១៥។
គួរបញ្ជាក់ថា បណ្ណ័ចូលទស្សនារមណីយដ្ឋានអង្គរ នាបច្ចុប្បន្នត្រូវបានកំណត់ជា៣ប្រភេទ រួមមានតម្លៃ២០ដុល្លារ ចូលទស្សនា បាន១ថ្ងៃ, ប័ណ្ណតម្លៃ៤០ដុល្លារ មានរយៈពេល១សប្តាហ៍ ចូលទស្សនាបាន៣ដង, និងប័ណ្ណតម្លៃ៦០ដុល្លារ មានរយៈពេល១ខែ ចូលទស្សនា បាន៧ដង៕