(ភ្នំពេញ)៖ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ បានបើកប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងទិសដៅអនុវត្តបន្ត ឆ្នាំ២០១៧ របស់ខ្លួន ក្រោមសហអធិបតីភាព លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
ពិធីប្រជុំបូកសរុបការងារខាងលើនេះ ក៏មានការចូលរួមពីបណ្តាក្រសួង ស្ថាប័ន អង្គភាព តំណាងសហគមនិយោជក អង្គការវិជ្ជាជីវៈ (សហជីពកម្មករនិយោជិត) មន្ទីរសុខាភិបាលរាជធានី-ខេត្ត មូលដ្ឋានសុខាភិបាលជាដៃគូ ជាង៤៣២នាក់។
លោក អ៊ុក សមវិទ្យា នាយក ប.ស.ស បានលើកឡើងថា ពិធីប្រជុំនេះត្រូវបានធ្វើឡើង ដើម្បីបង្ហាញអំពីសមិទ្ធផលការងារ ឆ្នាំ២០១៦ កន្លងទៅ ដល់ក្រសួង ស្ថាប័ន អង្គភាព និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ដែលនឹងក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់វាស់វែង តាមដានវាយតម្លៃ លើការអនុវត្តរបបសន្តិសុខសង្គម និងឈានដល់ ការចូលរួមដោះស្រាយបញ្ហារួមគ្នា ដែលនឹងកំណត់បានទិសដៅ អនុវត្តការងារ សម្រាប់ឆ្នាំ២០១៧ ឱ្យបានល្អប្រសើរបន្ថែមទៀត តាមជំហានខាងក្រោម៖
ជំហានទី១៖ ផ្នែកគ្រោះថ្នាក់ការងារ ប.ស.ស បានទទួលចុះបញ្ជិកាសហគ្រាស គ្រឹះស្ថានចំនួន ៩៣៥សហគ្រាស ស្មើនឹង ៥៩,១៩២នាក់ ទទួលបានភាគទានចំនួន ៩២លានរៀល។ បានចុះអធិការកិច្ចចំនួន ៤,២២៣លើក សមាជិកជួបហានិភ័យការងារចំនួន ៣៤,៥១៣នាក់ និងបានផ្តល់តាវកាលិកសរុប ជាង១៥ពាន់លានរៀល។
ជំហានទី២៖ បានដាក់ឱ្យដំណើរការផ្នែកថែទាំសុខភាព ដោយបានចុះកំណត់អត្តសញ្ញាណកម្មករ ផ្តោតលើវិស័យកាត់ដេរនិងផលិត ស្បែកជើង បានចំនួន ៦០៣សហគ្រាស មានកម្មករចំនួន ៦០០,៨៣១នាក់។ បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចំនួន ៧៨៣មូលដ្ឋាន។ កម្មករទៅប្រើប្រាស់បានចំនួន ១៦,០៦៣នាក់ ដែលដំណើរការនេះអាចវាយតម្លៃបានថា មានភាពរលូន និងប្រសិទ្ធភាពខ្ពស់។
ជំហានទី៣៖ ផ្នែកប្រាក់សោធន នឹងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០១៧ ខាងមុខនេះ។
លើសពីទៅទៀត ដោយទទួលបានសេចក្តីទុកចិត្ត និងភាពជឿជាក់ពីរាជរដ្ឋាភិបាល ចំពោះសមិទ្ធផលកន្លងមករបស់ ប.ស.ស។ ការណ៍នេះ ប.ស.ស ត្រូវបានអនុញ្ញាតឱ្យរៀបចំរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ សម្រាប់មន្ត្រីសាធារណៈនិងផ្នែកថែទាំ សុខភាពសម្រាប់មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដើម្បីលើកម្ពស់សុខុមាលភាពសង្គម។
លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានគាំទ្រសមិទ្ធផលរបស់ ប.ស.ស និងផ្តាំផ្ញើមន្ត្រីមូលដ្ឋានសុខាភិបាល ត្រូវចូលរួមបន្តយកចិត្ត ទុកដាក់ផ្តល់សេវា ប្រកបដោយប្រសិទ្ធភាព មនសិកាវិជ្ជាជីវៈ និងបន្តសហការឱ្យបានល្អប្រសើរជាមួយ ប.ស.ស ។
ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត អ៊ិត សំហេង បានផ្តល់នូវការណែនាំមួយចំនួន រួមមាន៖
១.ពង្រឹង និងពង្រីកការអនុវត្តផ្នែកហានិភ័យការងារ៖ ត្រូវបន្តពិនិត្យកែសម្រួលបទដ្ឋានគតិយុត្តនានា ស្របតាមទំហំការដែលកំពុង វិវឌ្ឍន៍ទៅមុខ សម្របសម្រួលដោះស្រាយបញ្ហាប្រឈម ដែលកើតមានឱ្យទាន់ពេលវេលា ពង្រឹងការអនុវត្តគោលនយោបាយវិស័យ ការងារ ដល់កន្លែងស្នាក់នៅដែលប្រមូលផ្តុំរបស់កម្មករនិយោជិត បន្តផ្សព្វផ្សាយគោលនយោបាយរបបសន្តិសុខសង្គមអំពីសុវត្ថិភាព របស់កម្មករ ទាំងនៅកន្លែងធ្វើការ និងពេលធ្វើដំណើរ។
២.ការដាក់ឱ្យដំណើរការផ្នែកថែទាំសុខភាព៖ ត្រូវបន្តចុះកំណត់អត្តសញ្ញាណកម្មករជាថ្មី ឱ្យអស់ក្នុងឆ្នាំ២០១៧នេះ បន្តចុះកិច្ច ព្រមព្រៀង ជាមួយមូលដ្ឋានសុខាភិបាល ឱ្យកាន់តែទូលំទលាយ សហការជាមួយមូលដ្ឋានសុខាភិបាល ដោះស្រាយរាល់ បញ្ហាប្រឈមជាប្រចាំ ផ្សព្វផ្សាយគោលការណ៍អនុវត្តថ្មីៗ ឱ្យបានទូលំទូលាយ និងគ្រប់រូបភាព លើកកម្ពស់សេវាបង្ការសុខភាព ដល់កម្មករ ចុះផ្សព្វផ្សាយអប់រំផ្ទាល់នៅនឹងកន្លែងការងារ ដាក់ភ្នាក់ងារសម្របសម្រួល និងបរិក្ខាអេឡិចត្រូនិច តាមដៃគូមូលដ្ឋាន សុខាភិបាលដែលមានកម្មករប្រើប្រាស់សេវាច្រើន។
៣.ជំរុញការរៀបចំ និងដាក់ឱ្យដំណើរផ្នែកប្រាក់សោធន៖ ត្រូវរៀបចំដាក់ឱ្យអនុវត្តនៅចុងឆ្នាំ២០១៧ បច្ចុប្បន្នក្រុមការងារបាន និងកំពុងរៀបចំ ដែលឈានដល់ការរៀបចំសមិទ្ធលទ្ធភាពដាក់ឱ្យដំណើរការ ដោយការរំពឹងទុក និងគ្មានផលប៉ះពាល់។
តាមរយៈកិច្ចប្រជុំនេះ ប.ស.ស បានដោះស្រាយរួមគ្នានូវបញ្ហាប្រឈមនានា និងបានទទួលនូវព័ត៌មានសំខាន់ៗជាច្រើន ដែលជាធាតុចូលដ៏សំខាន់សម្រាប់កែលម្អ ដើម្បីបន្តអភិវឌ្ឍន៍ និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវការផ្តល់សេវារដ្ឋបាលសាធារណៈ នៃរបបសន្តិសុខសង្គមសម្រាប់កម្មករនិយោជិតបានកាន់តែប្រសើរមួយកម្រិតទៀត៕