(សៀមរាប)៖ លោក សុខ សង្វារ អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គេហទំព័រទេសចរណ៍អង្គរ (www.angkor.com.kh) ដែលបង្កើតឡើងដោយអាជ្ញាធរជាតិអប្សរា គឺជាប្រភពព័ត៌មានដ៏សម្បូរបែប សម្រាប់ភ្ញៀវទេសចរ ស្វែងរកព័ត៌មានទេសចរណ៍ផ្សេងៗ នៅតំបន់រមណីយដ្ឋាន ប្រវត្តិសាស្រ្តអង្គរ នឹងដាក់ឲ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈស្អែកនេះ តទៅ។
លោក សុខ សង្វារ បានបន្ថែមឲ្យដឹងថា គេហទំព័រថ្មីនេះ ដើរតួនាទីចម្បង ក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុង រមណីយដ្ឋាន ប្រវត្តិសាស្រ្តអង្គរ ជាពិសេសផ្តល់ព័ត៌មានសំខាន់ៗ សម្រាប់ដំណើរទេសចរណ៍ ប្រកបដោយ បទពិសោធន៍ល្អប្រសើរ។
គេហទំព័រថ្មីនេះ ក្រុមការងារអាជ្ញាធរអប្សរា បានចំណាយពេលវេលាជិតមួយឆ្នាំមកហើយ ដើម្បីរៀបចំឡើង ជាពិសេសក្នុងការ រចនាឲ្យមានភាពសាមញ្ញបង្កប់ ដោយភាពទាក់ទាញ ដោយមានភ្ជាប់ជាមួយរូបភាពជាច្រើន និងផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់ ភ្ញៀវទេសចរជាតិ-អន្តរជាតិ មុននឹងមកទស្សនាតំបន់រមណីយដ្ឋាន ប្រវត្តិសាស្រ្តអង្គរ ក៏ដូចជាអំឡុងពេលទស្សនា ជាពិសេស គេហទំព័រថ្មីនេះ គឺជាមធ្យោបាយនៃការផ្សាភ្ជាប់ទំនាក់ទំនង រវាងភ្ញៀវទេសចរ និងក្រុមការងារតាមរយៈ ការរៀបចំឲ្យមានតារាង បញ្ចេញមតិ ពេញចិត្ត ឬមិនសូវពេញចិត្ត រួមនិងសំណូមពរផ្សេងៗ ក្នុងន័យស្ថាបនា ដើម្បីឲ្យក្រុមការងារអាចសិក្សាកែសម្រួល លើកកម្ពស់សេវាទេសចរណ៍ អង្គរឲ្យកាន់តែល្អប្រសើរ។
លោក សុខ សង្វារ អគ្គនាយករងអាជ្ញាធរអប្សរា បានបញ្ជាក់បន្ថែមថា គេហទំព័រនេះ មុននឹងឈានដល់ការសម្រេចដាក់ឲ្យដំណើរការ ក្រុមការងារក៏បានពិភាក្សាគ្នាជាមួយផ្នែកឯកជន ជាពិសេសសមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ដែលជាការ ផ្តល់ឱកាសឲ្យមាន ការចូលរួមមតិយោបល់ផ្សេងៗផងដែរ។ លើសពីនេះក្រុមការងារក៏បានបង្ហាញ ជូនក្រុមអ្នកជំនាញចំពោះកិច្ចនៃ ICC-Angkor ដោយទទួលបានការពេញចិត្ត និងគាំទ្រយ៉ាងពេញទំហឹង និងជម្រុញឲ្យដំណើការកាន់ តែឆាប់កាន់តែប្រសើរ។ គេហទំព័រនេះ ក៏នឹងមានការអភិវឌ្ឍបន្ថែមជាប្រចាំ ក៏ដូចជាការបន្ថែម ភាសាបរទេសសំខាន់ៗមួយចំនួន លើភាសាអង់គ្លេស ដែលមានស្រាប់។
គួរបញ្ជាក់ថា គេហទំព័ររបស់អាជ្ញាធរអប្សរា (www.apsaraauthority.gov.kh) និងបណ្តាញព័ត៌មាន Facebook (អាជ្ញាធរជាតិអប្សរា Apsara Authority) នៅតែដំណើរការធម្មតា ដោយដើរតួនាទីផ្សព្វផ្សាយ ពីសកម្មភាពប្រចាំថ្ងៃ និងធ្វើបច្ចុប្បន្នភាពព័ត៌មានផ្សេងៗ និងជាប្រភពឯកសារ សម្រាប់អ្នកស្រាវជ្រាវ និងអ្នកសិក្សានានា ក្នុងការស្វែងយល់អំពីតួនាទី ភារកិច្ចនិងសមទ្ធិផលរបស់ អាជ្ញាធរអប្សរា ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋាន ប្រវត្តិសាស្រ្តអង្គរ ប្រកបដោយចីរភាព៕