(កំពង់ស្ពឺ)៖ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ យុន ឈុន្នី បានថ្លែងថា តាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់ជីវិតមនុស្សពី៥ទៅ៦នាក់ ក្នុងមួយថ្ងៃ ដែលបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំង។

ទន្ទឹមនឹងស្ថានភាពបែបនេះ នាយឧត្តមសេនីយ៍ បានអំពាវនាវជាថ្មីដល់ពលរដ្ឋគ្រប់រូប ឲ្យនាំគ្នាគោរពច្បាប់ចរាចរណ៍ ជាពិសេស កុំឲ្យបើកបរលើសល្បឿនកំណត់ និងកុំបើកបរក្នុងលក្ខណៈស្រវឹង។

នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ សាលាខេត្តកំពង់ស្ពឺ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ របស់អនុ​គណៈកម្មាការ សុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្ត។

 ពីធិនេះត្រូវបានរៀបចំដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ នៅភោជនីដ្ឋាន បុរីសុវណ្ណ ក្រោមវត្តមាននាយឧត្តមសេនីយ៍ យុន ឈុន្នី ព្រមទាំងមានការ​ចូលរួម​ពីអភិបាលខេត្តកំពងស្ពឺ លោក វ៉ី សំណាង និងមន្រ្តីពាក់ព័ន្ធប្រមាណ ១៤០០នាក់។

លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នៅតែមានកើនឡើងក្នុងខេត្ត គ្រាដែលនៅទូទាំង​ប្រទេស​មានការថយចុះ ដោយសាតែពលរដ្ឋមិនទាន់បានយល់ពីច្បាប់ចរាចរណ៍ច្បាស់លាស់។

លោក វ៉ី សំណាង បានថ្លែងថា ការអនុវត្តការពង្រឹងច្បាប់ចរាចរណ៍ផ្លូវ គឺសមត្ថកិច្ចមានបំណងឲ្យបងប្អូនទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ ការពារជីវិតយើងទាំង​អស់គ្នា មិនមែនសមត្ថកិច្ចធ្វើឡើង ដើម្បីតែទទួលបានប្រាក់អប្បហា(លុយភាគរយ)នោះទេ។

លោកបញ្ជាក់ថា «ជាទូទៅពលរដ្ឋតែងតែយល់ច្រឡំចំពោះបញ្ហានេះ នៅពេលណាមន្រ្តីនគរបាលបានអនុវត្តយ៉ាងតឹងរឹងលើពូកគាត់ គាត់មិនយល់អំពីការ​ណែនាំឲ្យ​គោរព​ច្បាប់ចរាចរណ៍ការពារជីវិតខ្លួននោះឡើយ។ មានពលរដ្ឋខ្លះពេលមានអារម្មណ៍ខឹងមន្ត្រីអនុវត្តតាមដងផ្លូវ ដើម្បីការពារអាយុជីវិតគាត់ ទៅបង្ហោះតាមបណ្តាញសង្គម Facebook ឌឺដងមកលើសមត្ថកិច្ចថែមទៀត ខណៈដែលខ្លួនមិនបានគោរពច្បាប់ផងដែរ»

នាយឧត្តមសេនីយ៍ យុន ឈុន្នី បានលើកទៀតថា នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ថយចុះ មិនតែប៉ុណ្ណោះកម្ពុជាទទួលពាន់រង្វាន់ពីប្រទេសអង់គ្លេស ប្រគល់ជូន​សម្តេចក្រឡាហោម ស ខេង ក្នុងរឿងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ។ នេះហើយដែលបានស្តែងចេញពីការចូលរួមគោរពច្បាប់ចរាចរណ៍ របស់ពលរដ្ឋយើង​ទាំង​អស់គ្នា ទើបទទួលបានបែបនេះ តែអ្វីដែលលោកព្រួយ​បារម្មណ៍​វិញនោះ គឺដើមខែមករា ឆ្នាំ២០១៧នេះមានគ្រោះថ្នាក់ចរាចរណ៍រហូត១៧៩ករណី៕