(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមាននឹងស្នើឱ្យរដ្ឋសភា ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីកំណត់ឡើងវិញថា រាល់បុគ្គលទាំងឡាយណាដែលជាប់ទោសនៅតុលាការ នឹងមិនមានសិទ្ធិធ្វើជាប្រធាន ឬអនុប្រធាន គណបក្សនយោបាយនៅកម្ពុជាឡើយ។
ការប្រកាសបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំៗ០១៧នេះ។ កិច្ចប្រជុំនេះមានសមាជិករដ្ឋសភា ចូលរួម៦៧រូប ដើម្បីអនុម័តលើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ជំពូក១២ថ្មី ប្រការ៤៨ថ្មី (បី) ដែលចែងអំពីប្រធានក្រុមមតិភាគតិច និងភាគច្រើន នៅក្នុងរដ្ឋសភា។
ដោយនិយាយសម្តៅទៅលើប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងមានទោសយ៉ាងច្រើនសន្ធឹកសន្ធាប់នៅតុលាការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងអង្គប្រជុំនោះយ៉ាងដូច្នេះថា «យើងបានបណ្តែតបណ្តោយពួកគេច្រើនលើកហើយ តែលើកនេះអត់ទេ ត្រូវចាំបាច់ធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ»។
សម្តេចបានបន្ថែមទៀតថា «ធ្វើវិសោធនកម្ម តែត្រឹម៥០បូក១តើ ដាក់ថាអ្នកដែលមានទោស អត់មានសិទ្ធិធ្វើប្រធានគណបក្សនយោបាយ ដាក់ទៅ ខ្ញុំមានសំណូមពរស្នើឱ្យកែអាហ្នឹង ដើម្បីឱ្យវាអស់សិទ្ធិតែម្តងទៅ នៅលោកប្រធានៗអីទៀត អ្នកមានទោស គឺអត់មានសិទ្ធិធ្វើប្រធាន អនុប្រធានគណបក្សនយោបាយ ព្រោះអ្នកឯងមានទោសទៅធ្វើស្អី សូម្បីតែសិទ្ធិបោះឆ្នោតមិនមានផង»៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖