(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា សំណុំរឿងបឹងកក់ អាចពិនិត្យមើលបាន ប៉ុន្តែសំណុំរឿង ហុង សុខហួរ និង អ៊ុំ សំអាន ធ្ងន់ធ្ងរពេក មិនអាចពិនិត្យឡើងវិញបានទេ ពីព្រោះនេះជារឿងធំ មិនមែនរឿងតូចទេ។ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ខណៈសម្តេចតេជោ ចូលរួមនៅក្នុងកិច្ចប្រជុំវិសាមញ្ញរដ្ឋសភា ដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី(បី) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ នាវិមានរដ្ឋសភា។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងយ៉ាងដូច្នេះថា៖ «សំណុំរឿងបឹងកក់ មានចរិកកុបកម្ម យើងបានធ្វើហើយ ខ្ញុំនឹងពិនិត្យករណីមួយចំនួនថា អាចទទួលបាននូវការសុំលើកលែងទោស ខ្ញុំបាននិយាយបែបនេះ ខ្ញុំនឹងពិនិត្យមើលថា មានអ្នកណាខ្លះ មានទោសស្រាលជាងគេ ខ្ញុំនឹងអាចប្រើសិទ្ធអំណាច របស់ខ្ញុំ ក្នុងនាមជានាយករដ្ឋមន្រ្តី តាមច្បាប់ពន្ធនាគារ ដើម្បីសុំលើកលែងទោស ករណីរឿង ហុង សុខហួរ និង អ៊ុំ សំអាន ករណីនេះមិនអាចប៉ះពាល់បានទេ ពីព្រោះវាធ្ងន់ធ្ងរពេក ទាក់ទងនឹងការក្លែងបន្លំ ឯកសារ និងប្រើឯកសារក្លែង ទោសនេះជាទោសធំ»។
បន្ថែមពីលើនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា៖ «ខ្ញុំសូមផ្តាំទៅលោក ហុង សុខហួរ និង លោក អ៊ុំ សំអាន ថា មិនរួចខ្លួនទេ ពីព្រោះនេះជារឿងធំ មិនមែនរឿងតូចទេ ចឹងទេ ការបំពានអំណាចលើតុលាការនេះវាមិនល្អទេ ហើយវានឹងមានជាបន្តដូច្នេះត្រូវតែកែ»។
គួរបញ្ជាក់ថា លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការសម្រេច ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ៦ខែ និងពិន័យ៤លានរៀល លើពីរបទល្មើស គឺ បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទញុះញង់ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា កាលពីអំឡុងឆ្នាំ២០១៥ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។
ចំណែកលោក ហុង សុខហួរ វិញ ត្រូវបានតុលាការចោទប្រកាន់ចំនួន៣បទល្មើស រួមមានបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម បង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី សម្រេចកាត់ទោសលោកឱ្យជាប់ពន្ធនាគារ៧ឆ្នាំ។
រីឯករណីលោកស្រី ទេព វន្នី សកម្មជនបឹងកក់វិញ ត្រូវតុលាការបន្តជាប់ឃុំក្នុងពន្ធនាគារ ដោយនៅមានពីរករណីផ្សេងទៀត នៅស្ថាប័នតុលាការ ដូចជាករណីទី១ បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងករណីទីពីរ បទល្មើសប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖