(ភ្នំពេញ)៖ ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា បានបង្ហាញ បញ្ជីឈ្មោះ អ្នកបើកបរល្មើសច្បាប់ចំនួន ៤៣៣នាក់ ដែលមន្ត្រីនគរបាលចរាចរណ៍ អនុវត្តន៍ចេញបង្កាន់ដៃពិន័យ ហើយមិនទាន់ អញ្ជើញទៅបង់ប្រាក់ពិន័យ។
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ក៏បានអំពាវនាវឲ្យ ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលមានឈ្មោះ ក្នុងតារាងបញ្ជីឈ្មោះនេះ ត្រូវចូលខ្លួន មកបង់ប្រាក់ពិន័យ ឲ្យបានមុនរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹង។ ក្នុងករណីមិនចូលខ្លូន មកបង់ប្រាក់ពិន័យតាមកាលកំណត់ នឹងត្រូវបញ្ជូនសំណុំរឿង ទៅកាន់តុលាការ។
នាយកដ្ឋាននគរបាលចរាចរណ៍ បានឲ្យដឹងថា អ្នកដែលមិនទាន់ឃើញឈ្មោះក្នុងតារាងបញ្ជីនេះ នឹងត្រូវផ្សព្វផ្សាយនៅពេល ក្រោយទៀត។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង លេខទូរស័ព្ទ ០១២ ៤៩ ៧៣ ៤៤, ០៧៧ ៩៦៨ ៦៦៦, ០៩៧ ២៤ ២០ ១៧៦ និង០៦៩ ៦៨៧ ៣៧៨។
នាយកដ្ឋាននគរបាលចរាចរណ៍បានបញ្ជាក់ថា កន្លងមក នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈធ្លាប់បាន បង្ហាញបញ្ជីឈ្មោះជនល្មើសច្បាប់ចរាចរណ៍ ជាច្រើនលើករួចមកហើយ ដោយមានប្រជាពលរដ្ឋមួយចំនួន បានមកបំពេញកាតព្វកិច្ច បង់ប្រាក់ពិន័យតាមកាលកំណត់ និងមួយចំនួនទៀត មិនបានមកបំពេញកាតព្វកិច្ចទាន់ពេលវេលា ហើយត្រូវបាននគរបាលកសាង សំណុំរឿងបញ្ជូនទៅតុលាការរួចហើយផងដែរ៕