(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសនៅក្នុងកិច្ចប្រជុំសភាវិសាមញ្ញ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះថា សម្តេច នឹងស្នើឱ្យតុលាការបង្កក់ទ្រព្យសម្បត្តិទាំងអស់របស់លោក សម រង្ស៊ី ដោយក្នុងនោះក៏មានទាំងទីស្នាក់គណបក្សសង្រ្គោះជាតិ ដែលដាក់ឈ្មោះលោក សម រង្ស៊ី ផងដែរ ពាក់ព័ន្ធនឹងករណីដែលលោក សម រង្ស៊ី និយាយបរិហារកេរ្តិ៍សម្តេចកន្លងមក។ សម្តេចចាត់ទុកថា ការធ្វើបែបនេះ គឺដើម្បីឱ្យមេបក្សប្រឆាំងរូបនោះ មានការរាងចាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមអ្នកឯកកុំភាន់ច្រឡំ លើកនេះខ្ញុំយកហើយលុយ អត់មានយក១០០រៀលដូចរឿង ឡាក់ ថានី នោះទេ។ ខ្ញុំទារ១លានដុល្លារ ប៉ុន្តែសាលក្រមមុនគេ គឺសាលក្រមរបស់ (សម្តេច) ហេង សំរិន។ បើកាលណាមានសាលក្រមនេះហើយ សុំដីកាការពារទ្រព្យសម្បត្តិ បង្កក់ទ្រព្យសម្បត្តិពួកនេះឱ្យអស់ លក់ដើម្បីឱ្យរាង»។
សម្តេចបានបន្ថែមថា «ឮថា ស្នាក់ការគណបក្ស ដាក់ឈ្មោះ សម រង្ស៊ី អញ្ចឹងទេ ត្រូវលក់អាស្នាក់ការគណបក្សនេះ លក់ឡៃឡុង អ្នកឯងអាងស្អី អាងរួចខ្លួន។ ទ្រព្យសម្បត្តិមានច្រើនណាស់ ដីនៅកំពង់សោមក៏មាន ដ៏មានមួយចំនួន ។ ឥឡូវចាំឱ្យសាលក្រមចូលជាស្ថាពរសិន»។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ពាក្យប្តឹង លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដោយទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងករណីបរិហារកេរ្តិ៍ថ្មីមួយ ដែលប្រធានគណបក្សប្រឆាំងរូបនេះចោទថា សម្តេចតេជោ បានផ្តល់លុយ ១លានដុល្លារទៅឱ្យកញ្ញា ធី សុវណ្ណថា ដើម្បីឱ្យធ្វើសកម្មភាពប្រឆាំងនឹងគណបក្សសង្រ្គោះជាតិ។ លុយទាំងនេះ ត្រូវបានសម្តេចតេជោ ប្រកាសថា នឹងយកទៅជួយដល់ជនពិការនៅកម្ពុជា។
ចំពោះករណីនេះកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ កញ្ញា ធី សុវណ្ណថា ប្រធានយុវជនដើម្បីសង្គម ក៏បានដាក់ពាក្យបណ្តឹងប្តឹង លោក សម រង្ស៊ី ទៅកាន់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទបរិហាកេរ្តិ៍ជាសាធារណៈផងដែរ។ ក្នុងបណ្តឹងលើកនេះ កញ្ញា ធី សុវណ្ណថា ក៏បានប្តឹងទាមទារសំណងជំងឺចិត្តរហូតដល់ ២៥០,០០០ដុល្លារ ដើម្បីកញ្ញាយកប្រាក់សំណងនេះ ជូនទៅអង្គការដើម្បីធ្វើកិច្ចការមនុស្សធម៌។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតយ៉ាងដូច្នេះថា៖ «ឱ្យតែសាលក្រមចូលជាស្ថាពរមួយ បង ហេង សំរិន ទារ២៥០លានឯណោះ បើ២៥០លានល្មមសុំដីកាការពារហើយ។ ទ្រព្យសម្បត្តិ សម រង្ស៊ី នៅឯណា លក់តែម្តងដើម្បីឱ្យរៀងចាល ហើយបើ ហោ ណាំហុង ជំពាក់ឡើងប៉ុន្មានឯណោះ បងឯងក៏ត្រូវមានចំណែកដែរ ដែលត្រូវស្នើសុំដីកាការពារ...ព្រោះបើមិនអញ្ចឹងទេ វាដូរឈ្មោះដូរអីអស់ ហើយឥឡូវសុំអំពាវនាវដល់រដ្ឋអំណាច កុំប្រញាប់ដូរឈ្មោះ ដូរអីលឿនពេក»។
ពាក់ព័ន្ធនឹងករណីនេះ ក្នុងសន្និសីទកាសែត នៅឯទីស្នាក់ការគណបក្សសង្រ្គោះជាតិ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះដែរ លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានស្នើឱ្យសម្តេចតេជោ ហ៊ុន សែន ពិនិត្យ និងពិចារណា ចំពោះសំណើបែបនេះឡើងវិញ ដោយកុំធ្វើដល់ថ្នាក់នោះពេក។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិជាតិ កំពុងពាក់ព័ន្ធនឹងសំណុំរឿងយ៉ាងហោចណាស់៧ នៅក្នុងដៃតុលាការ ក្នុងនោះមាន ករណីបរិហារកេរ្តិ៍កញ្ញា ធី សុវណ្ណថា ករណីបរិហាកេរ្តិ៍សម្តេច ហេង សំរិន ករណីចោទប្រកាន់ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ករណីចោទប្រកាន់ សម្តេចតេជោ ហ៊ុន សែន រឿង Facebook Like ករណីបង្ហោះឯកសារក្លែង ករណីចោទសម្តេចតេជោសម្លាប់លោក កែម ឡី និងករណីចោទសម្តេចតេជោ ហ៊ុន សែន ផ្តល់លុយឱ្យ កញ្ញា ធី សុវណ្ណ ១លានដុល្លារជាដើម។
ព្រះរាជអាជ្ញារង សៀង សុខ បានចេញដីកាកោះហៅលោក សម រង្ស៊ី ជាជនសង្ស័យឲ្យចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្តឹងដោយមេធាវី គី តិច ប្តឹងពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ» នេះបើយោងតាមដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ។
ចំណែកដីកាមួយទៀត ព្រះរាជអាជ្ញារង សៀង សុខ បានចេញលិខិតអញ្ជើញមេធាវី សំ សុគង់ ជាមេធាវី ចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ នៅបន្ទប់ «ឋ» ជាន់ទី២។
កាលរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧កន្លងទៅ លោក គី តិច មេធាវីការពារក្តីជូនសម្តេចតេជោ ហ៊ុន សែន បានផ្តល់ចម្លើយជូនតុលាការ ស្តីពីដំណើរឿងប្តឹង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ទៅលើសម្តេចតេជោ ហ៊ុន សែន៕