(ពោធិ៍សាត់)៖ អគាររដ្ឋបាលថ្មី នៃមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។
អគាររដ្ឋបាលមន្ទីរប្រៃសណីយ៍ខាងលើនេះ មានទីតាំងស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ សាងសង់ដោយក្រុមហ៊ុនស៊ីវិល ខនស្ត្រាក់សិនត្រាស់ ក្នុងទំហំទឹកប្រាក់អស់ ជិត៨០០លានរៀល។
លោក អ៊ូ ឆៃ ប្រធានមន្ទីរប្រៃសណីយ៍ខេត្ត បានឲ្យដឹងអំពីស្ថានភាពក្នុងមន្ទីរ រចនាសម្ព័ន្ធ និងសមិទ្ធផលសម្រេចបាន ក្នុងឆ្នាំ២០១៦ ដោយអនុវត្តទៅតាម គោលនយោបាយអភិវឌ្ឍន៍ វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ ឃើញថាមន្ត្រីរាជការ បានខិតខំបំពេញតួនាទីភារកិច្ចគ្រប់ជំនាញ ដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាក់ស្តែងវិស័យប្រៃសណីយ៍ មាន២ក្រុមហ៊ុន គឺប្រៃសណីយ៍ខេត្ត និងក្រុមហ៊ុនកម្ពុជាអ៊ិចស្ព្រែស ទទួលនិងបញ្ជូនបញ្ញើ ទាំងក្នុងនិងក្រៅប្រទេសឆាប់រហ័ស តាមប្រព័ន្ធបច្ចេកវិទ្យាទំនើប អាយភីអែស។
លោកប្រធានមន្ទីរបានបន្តថា វិស័យទូរគមនាគមន៍ទូទាំងខេត្ត មានក្រុមហ៊ុនទូរស័ព្ទចល័ត និងអចល័តចំនួន៨ ក្រុមហ៊ុនអ៊ីនធឺណេតចំនួន៩ និងក្រុមហ៊ុនខ្សែកាប្លិ៍ អុបទិចចំនួន៤ គ្របដណ្តប់សេវាទូរគមនាគមន៍៩៨ភាគរយ គឺមានក្រុង១ ស្រុក៥ សង្កាត់៧ ឃុំ៤២ និង៥១១ភូមិ។ ពាក់ព័ន្ធទៅនឹងសំណង់អគាររដ្ឋបាលថ្មី លោកបានឱ្យដឹងថា អគារមន្ទីរចាស់មានទីតាំងតូចចង្អៀត ការិយាល័យធ្វើការចម្រុះគ្នា ជាមួយអង្គភាពអាជីវកម្មនោះ ទើបនៅឆ្នាំ២០១៥ លោក ប្រាក់ សុខុន អតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ បានផ្តល់អគាររដ្ឋបាល ដោយបានចាប់ដំណើរការសាងសង់ ដោយក្រុមហ៊ុនស៊ីវិល ខនស្ត្រាក់សិនត្រាស់ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥ និងបញ្ចប់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦។
អគារថ្មីនេះ មានកម្ពស់២ជាន់ សាងសង់អំពីបេតុង ប្រក់ក្បឿងមានបណ្តោយ ២១ម៉ែត្រ ទទឹង៩ម៉ែត្រ ស្មើនឹង៣៧៨ម៉ែត្រក្រឡា និងចែកចេញជា១០បន្ទប់ ក្នុងនោះមាន សាលប្រជុំ១ គិតជាទឹកប្រាក់អស់ជិត៨០០លានរៀល។ ក្រៅពីនោះមន្ទីរបានសាងសង់បន្ថែមដូចជា ចាក់សាប ក្រាលកូរ៉ូឡា ធ្វើរបង ក្លោងទ្វារ រោងដាក់រថយន្ត សួនច្បារ ចំណាយអស់ថវិកា ជាង២៣៧លានរៀល សរុបទាំងអស់មានចំនួន ១,០៣២,៣៦៦,០០០រៀល។
លោក ត្រាំ អ៊ីវតឹក បានថ្លែងថា «នេះគឺជាសមិទ្ធផលមួយ បន្ទាប់ពីសមិទ្ធផលថ្មីៗជាច្រើនទៀត បានផុសចេញឡើងនៅកម្ពុជា ក៏ដូចនៅក្នុងទឹកដីខេត្តពោធិ៍សាត់ សម្រាប់បម្រើឱ្យផលប្រយោជន៍សង្គម និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ អនុវត្តតាមគោលនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យសង្គមជាតិទាំងមូលទទួលបាននូវសុខសន្តិភាព ស្ថិរភាពពេញផ្ទៃប្រទេស ពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង និងរស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ»។
លោកបានបញ្ជាក់ថា រាល់សមិទ្ធផលសង្គមជាតិជាច្រើនឥតគណនា ដូចជាទំនប់ ប្រឡាយ ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ក្រុមហ៊ុន រោងចក្រ សហគ្រាស មជ្ឈមណ្ឌលពាណិជ្ជកម្ម បាននឹងកំពុងបម្រើឱ្យសេចក្តីត្រូវការ និងផលប្រយោជន៍ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ទន្ទឹមនឹងសមិទ្ធផលនោះ វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ គឺជាវិស័យមួយមានសារៈសំខាន់ ដែលនាំមកនូវប្រព័ន្ធបច្ចេកវិទ្យាថ្មីទំនើប ទាន់សម័យ តាំងពីប្រើប្រព័ន្ធទូរស័ព្ទរវៃដៃ តាមបណ្តាញខ្សែលួស រហូតមកប្រើទូរស័ព្ទទំនើប មានសមត្ថភាពអាចប្រើបានច្រើនមុខ លឿនរហ័សទាន់ចិត្ត គឺជាកម្លាំងចលករមិនអាចខ្វះបាន នៅក្នុងបរិបទ នៃការកសាងនិង អភិវឌ្ឍន៍សង្គមជាតិ នាសម័យទំនើបភារូបនីយកម្មបច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានបំពាក់គ្រឿងឥស្សរយសសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍១ សុវត្ថារាថ្នាក់សេនា២ សុវត្ថារាថ្នាក់អស្សឫទ្ធិ៤ មេដាយមាស១៨ មេដាយប្រាក់៤ និងមេដាយសំរឹទ្ធ១ ជូនដល់មន្ត្រីដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ចកន្លងមក និងបានចែកជូនវត្ថុអនុស្សាវរីយ៍ដល់អ្នកចូលរួម ចំនួន៥៥០នាក់ ក្នុងនោះសិស្ស ១២០នាក់ ក្នុងម្នាក់សៀវភៅ២ក្បាល ប៊ិច២ដើម គ្រូ១០នាក់ ក្នុងម្នាក់សារុង១ ថវិកា២ម៉ឺនរៀល កងកម្លាំង២៥នាក់ ក្នុងម្នាក់សារុង១ ថវិកា២ម៉ឺនរៀល តាជីយាយជី២០នាក់ ក្នុងម្នាក់ក្រណាត់ស១ដុំ ថវិកា២ម៉ឺនរៀល មន្ត្រីចូលនិវត្សន៍១៧នាក់ ក្នុងម្នាក់ៗសារុង១ ថវិកា៤ម៉ឺនរៀល និងប្រជាពលរដ្ឋ២៥០នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង១ ព្រមទាំងចែកជូនច្បាប់ចរាចរណ៍ផ្លូវគោក និងសៀវភៅយល់ដឹងអំពីការបើកបរទោចក្រក្រយានយន្តផងដែរ៕