(ភ្នំពេញ)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ បានចុះហត្ថលេខាផ្តល់ប្រាក់កម្ចីការប្រាក់ទាបជាង ៤០០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត ផ្លូវ លើកកម្ពស់សុខភាព និងការលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅកាន់ខេត្តកោះកុង។
ពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់កម្ចីការប្រាក់ទាបនេះ បានធ្វើឡើងរវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក គីម វ៉ន ជីន ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅកម្ពុជា។
ប្រាក់កម្ចីដែលកូរ៉េផ្តល់មកឲ្យកម្ពុជានេះ ចែកចេញជាពីរផ្នែករួមមាន៖
១- កិច្ចសម្របសម្រួលក្របខ័ណ្ឌ ស្តីពីការផ្តល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០១៦ ដល់ ២០១៨ ដែលមានទឹកប្រាក់ចំនួន៣៥០លានដុល្លារអាមេរិក។
២- កិច្ចសម្របសម្រួល «ស្តីពីការផ្តល់ឥណទានសម្បទាន សម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិ លេខ៤៨» ដែលមានទឹកប្រាក់ចំនួន ៦៧,៤៣៤,០០០ ដុល្លារអាមេរិក។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងក្រោយពិធីចុះហត្ថលេខាថា ប្រាក់កម្ចីសម្រាប់មូលនិធិកិច្ចសម្របសម្រួលក្របខ័ណ្ឌនេះ នឹងត្រូវប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់គម្រោងអាទិភាពនានា លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក។
លោករដ្ឋមន្ត្រី ប្រាក់ សុខុន គូសបញ្ជាក់ទៀតថា កិច្ចសម្របសម្រួលក្របខ័ណ្ឌនេះ មានភាពស្របគ្នាយ៉ាង ល្អជាមួយវិស័យអាទិភាពនានា ដូចដែលបានកំណត់ឡើងដោយរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣។ រីឯថវិកាសម្រាប់លើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨វិញ នឹងជួយសម្រួលថែមទៀតដល់ការធ្វើដំណើររបស់ប្រជាជន ក៏ដូចជាទំនិញនៅតំបន់ភាគខាងត្បូង នៃប្រទេសកម្ពុជា។
លោក ប្រាក់ សុខុន ក៏បានបញ្ជាក់ដែរថា ប្រាក់កម្ចីនៃកិច្ចសម្របសម្រួលរបស់មូលនិធីសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០១៦ដល់២០១៨ មានកំណើនលើសពីរដង ពីកិច្ចសម្របសម្រួលក្របខ័ណ្ឌឆ្នាំ២០១៣-២០១៦ ដែលមានចំនួន ២០០លានដុល្លារអាមេរិក។ លោករដ្ឋមន្រ្តីថា ការកើនឡើងនេះ ជាសក្ខីកម្មនៃការបន្តប្តេជ្ញាចិត្ត និងការគាំទ្ររបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងការធ្វើឲ្យប្រសើរឡើងដល់សុខមាលភាពប្រជាជន។
លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានរំលឹកឡើងថា ពីឆ្នាំ២០០១ ដល់ ២០១៦ កូរ៉េខាងត្បូង បានផ្តល់ប្រាក់កម្ចីពីមូលនិធីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដល់កម្ពុជាប្រហែល ៥៣៥លានដុល្លារអាមេរិក សម្រាប់ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំនួន១៧។
ជួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជា លោក ប្រាក់ សុខុន បានអរគុណដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ចំពោះការគាំទ្រការអភិវឌ្ឍកម្ពុជា។ ដោយសារឆ្នាំ២០១៧នេះ ប្រទេសទាំងពីរនឹងប្រារព្វខួបអនុស្សាវរីយ៍លើកទី២០នៃទំនាក់ទំនងការទូតនោះ លោក ប្រាក់ សុខុន មានជំនឿចិត្តរឹងមាំថា ជាមួយកិច្ចប្រឹងប្រែងរួមគ្នានាពេលកន្លងមក អាចពង្រឹងថែមទៀតនូវទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការផ្លែផ្កាសម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេស និងប្រជាជនទាំងពីរ៕