(ភ្នំពេញ)៖ ព្រះរាជអាជ្ញារង សៀង សុខ បានចេញដីកាកោះហៅលោក សម រង្ស៊ី ជាជនសង្ស័យឲ្យចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ ដើម្បីឆ្លើយបំភ្លឺពាក់ព័ន្ធបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្តឹងដោយមេធាវី គី តិច ប្តឹងពីបទ «បរិហាកេរ្តិ៍ជាសាធារណៈ» នេះបើយោងតាមដីកាកោះរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ។
ចំណែកដីកាមួយទៀត ព្រះរាជអាជ្ញារង សៀង សុខ បានចេញលិខិតអញ្ជើញមេធាវី សំ សុគង់ ជាមេធាវី ចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ នៅបន្ទប់ «ឋ» ជាន់ទី២។
សូមជំរាបថា កាលរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧កន្លងទៅ លោក គី តិច មេធាវីការពារក្តីជូនសម្តេចតេជោ ហ៊ុន សែន បានផ្តល់ចម្លើយជូនតុលាការ ស្តីពីដំណើរឿងប្តឹង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ទៅលើសម្តេចតេជោ ហ៊ុន សែន។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ពាក្យបណ្តឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្តឹងលោក សម រង្ស៊ី ទាមទារសំណងជំងឺចិត្ត ១លានដុល្លារសហអាមេរិក លើបទល្មើស «បរិហាកេរ្តិ៍ជាសាធារណៈ» ត្រូវបានលោក គី តិច មេធាវីការពារក្តីសម្តេចតេជោ ហ៊ុន សែន បានដាក់ចូលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
លោក គី តិច បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា៖ «ថវិកាដែលប្តឹងទាមទារសំណងជំងឺចិត្ត៤ពាន់លានរៀល ឬ១លានដុល្លារអាមេរិក ហើយប្រសិនបើត្រូវបានតុលាការសម្រេចឲ្យសងនោះ, សម្តេចតេជោ ហ៊ុន សែន នឹងយកទៅសាងសង់ផ្ទះជូនជនពិការទូទៅ»៕