(មណ្ឌលគិរី)៖ ក្រុមអ្នកជិះកង់ប្រមូលថវិកា ដើម្បីមន្ទីរពេទ្យគន្ធបុប្ផារបស់យុវជន នៃអង្គការសប្បុរសធម៌កុលបុត្រកម្ពុជា បានធ្វើដំណើរទៅដល់ខេត្តមណ្ឌលគិរីហើយ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ ក្នុងយុទ្ធនាការរៃអង្គាសប្រាក់យកទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ព្យាបាលជំងឺដល់កុមារ និងជួយដល់អង្គការសប្បុរសធម៌កុលបុត្រ សម្រាប់សាងសង់អគារស្នាក់នៅរបស់កុមារកំព្រា។
ក្រុមយុវជន នៃអង្គការសប្បុរសធម៌កុលបុត្រកម្ពុជា ចំនួន១២នាក់ បានធ្វើដំណើរដោយជិះកង់ចេញពីខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែមករា ឆ្ពោះទៅខេត្តមណ្ឌលគិរី ដែលជាខេត្តទី១២ ដើម្បីរួមគ្នាជាមួយក្រុមយុវជនយុវនារី នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជន១៥៧ កាកបាទក្រហមខេត្តមណ្ឌលគិរី ចំនួន២៥នាក់ ដើររៃអង្គាសប្រាក់ជាលើកទី២ នៅក្រុងសែនមនោរម្យ ដើម្បីប្រមូលថវិកាជួយដល់កុមារ ដែលកំពុងព្យាបាលជំងឺក្នុងមន្ទីរពេទ្យគន្ធបុប្ផា និងអង្គការសប្បុរសធម៌កម្ពុជាកុលបុត្រ សម្រាប់សាងសង់អគារស្នាក់នៅរបស់កុមារកំព្រាផងដែរ។
អនុប្រធានក្រុមយុវជន នៃអង្គការសប្បុរសធម៌កម្ពុជាកុលបុត្រ លោក ធុល វិសាល បានឲ្យដឹងថា យុទ្ធនាការសប្បុរសធម៌នេះ គឺមានគោលបំណងប្រមូលប្រាក់ជួយកុមារកម្ពុជា ហើយថវិកាដែលប្រមូលបាននោះ ៥០ភាគរយ ជួយមន្ទីរពេទ្យគន្ធបុប្ផា និង៥០ភាគរយ ជួយអង្គការសប្បុរសធម៌កម្ពុជាកុលបុត្រ ដើម្បីកសាងមណ្ឌលកុមារកំព្រា និងធ្វើអគារស្នាក់នៅឲ្យកុមារកំព្រា។
លោកបន្តថា យុទ្ធនាការនេះគ្រោងប្រមូលថវិកាឲ្យបាន ១លានដុល្លារ សម្រាប់ដំណើរជិះកង់នៅរាជធានី-ខេត្តចំនួន២៥។ យុទ្ធនាការជិះកង់២៥រាជធានី-ខេត្តនេះ បានឆ្លងកាត់ខេត្តចំនួន១១ រួមមានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងរតនគិរី។ ខេត្តដែលមូលថវិកាបានច្រើនជាងគេ គឺខេត្តប៉ៃលិន (បានជាង១ម៉ឺនដុល្លារ)។
លោក សាង រ៉ា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី បានឲ្យដឹងថា សកម្មភាពយុវជន១៥៧ កាកបាទក្រហម និងសកម្មជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ២៥នាក់ បានចូលរួមប្រមូលប្រាក់នៅខេត្តមណ្ឌលគិរី ជាមួយយុវជនជិះកង់ប្រមូលថវិកាសប្បុរសនេះ។ លោកថា «នេះជាសកម្មភាពមនុស្សធម៌ដ៏សំខាន់ដែលយុវជននៅខេត្តភាគឦសាន ចូលរួមបំផុសស្មារតីមហាជនឲ្យបរិច្ចាគប្រាក់ ដើម្បីប្រយោជន៍សង្គម»។
សូមជម្រាបថា ថវិកាដែលក្រុមយុវជនជិះកង់ប្រមូលបានពីសប្បុរសជន «បានជាង២២លានរៀល» គិតត្រឹមល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ ដោយឡែក លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានធ្វើការឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជូនក្រុមយុវជនជិះកង់ ចំនួន២លានរៀល ចំណែកការហូបចុកស្នាក់នៅ គឺខេត្តជាអ្នករ៉ាប់រងជូនទាំងអស់៕