(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ រដ្ឋសភា បានបើកកិច្ចប្រជុំវិសាមញ្ញមួយ ដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី(បី)។ កិច្ចប្រជុំនេះក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពន្យល់អំពីការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនេះ។
បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រការ៤៨ថ្មី (បី) ត្រូវបានសមាជិកសភានៃគណបក្សប្រជាជនកម្ពុជា ធ្វើវិសោធនកម្ម និងអនុម័តរួចរាល់ហើយ ដោយសម្លេង ៦៧លើ៦៧ ដោយក្លាយទៅជា ប្រការ៤៨ថ្មី (បួន)។ ខ្លឹមសារនៃជំពូក១២ ប្រកា៤៨ថ្មី(បួន) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា បានចែងថា «សមាជិកសភា១០រូប មានសិទ្ធិបង្កើតជាក្រុមតំណាងរាស្រ្តមួយនៅក្នុងសភា ដោយមានប្រធានម្នាក់ និងអនុប្រធានម្នាក់។ គណបក្សទាំងឡាយណាដែលមានសមាជិក តិចជាង១០នាក់ នៅក្នុងសភា មានសិទ្ធិជ្រើសរើសយក ក្រុមណាមួយដើម្បីចូលរួម»។
ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ឡើងបកស្រាយអំពីការស្នើសុំធ្វើវិសោធកម្មបទបញ្ជាផ្ទៃក្នុង៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គណបក្សប្រឆាំង ដែលមិនចូលរួមប្រជុំសភាវិសាមញ្ញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ។
* សម្តេចតេជោ ព្រមានគណបក្សប្រឆាំង កុំហៅសភាកម្ពុជាថា ជាសភាទឹកកន្លះក្អម ដោយសារតែខ្លួនមិនចូលរួមប្រជុំថ្ងៃនេះ។
* សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា ការទទួលបានតំណែងរបស់លោក កឹម សុខា គឺទាមទារតែដោះលែងអ្នកទោស និងធ្វើវិសោធនកម្មច្បាប់ដែល មិនទាន់បានអនុវត្ត។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ប្រការ៤៨ថ្មី (បី) គឺសម្តៅលើតំណែងទាំងប្រធានក្រុមមតិភាគតិច និងភាគច្រើន មិនមែនតែប្រធានមតិភាគតិច
* សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់អះអាងថា វប្បធម៌សន្ទនានៅតែបន្តមាន គឺធ្វើឡើងតាមរយៈគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា។
* សម្តេចតេជោ ហ៊ុន សែន ព្រមានបណ្ឌិតម្នាក់ ដែលមិនយល់ពីច្បាប់ ហើយនិយាយខុសរឿងនាយករដ្ឋមន្រ្តីស្តីទី។
* សម្តេចតេជោ ហ៊ុន សែន ចង់បបួលលោក កឹម សុខា ទៅមុខព្រះអង្គដង្កើ បើសិនជាលោក កឹម សុខា ហ៊ានប្រកែកថា លោកមិនបាននិយាយ និងសន្យារឿងមួយចំនួន ជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃប្រជុំសភាកាលពីខែមុខ (ខែធ្នូ)។
* នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា ការប្តឹងទាមទារ១លានដុល្លាររឿងបរិហារកេរ្តិ៍ នឹងស្នើឱ្យតុលាការរឹបអូសទ្រព្យសម្បត្តិ លោក សម រង្ស៊ី នៅពេលសាលក្រមចូលជាស្ថាពរ និងស្នើឲ្យតុលាការពិចារណាក្នុងការបង្កក់ទ្រព្យ។
* សម្តេចតេជោ ហ៊ុន សែន គ្រោងស្នើធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយមួយទៀតថា បើសិនជាជនណាកំពុងជាប់ទោស គឺមិនមានសិទ្ធិធ្វើជាប្រធានគណបក្សនយោបាយនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា សំណុំរឿងបឹងកក់ អាចពិនិត្យមើលបាន ប៉ុន្តែសំណុំរឿង ហុង សុខហួរ និង អ៊ុ សំអាន ធ្ងន់ធ្ងរពេក។
* សម្តេចតេជោ ហ៊ុន សែន បានអះអាងថា មានមូលហេតុ៥ ដែលនាំស្នើធ្វើវិសោធនកម្មប្រកា៤៨ថ្មី (បី) បទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
១៖ បញ្ចប់ការបកស្រាយខុសគ្នានូវប្រការ៤៨ថ្មី៣ នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
២៖ បញ្ចប់ការបំពានអំណាចតុលាការតាមរយៈប្រការ ៤៨ ថ្មី៣។
៣៖ បញ្ចប់វប្បធ៌មសម្លេងភាគតិច យកសម្លេងភាគច្រើន ធ្វើជាចំណាប់ខ្មាំង។
៤៖ បញ្ចប់ការចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា មិនចង់ជួបចរចា។
៥៖ មិនចាំបាច់ចំណាយថវិការដ្ឋ ក្នុងការទិញរថយន្ត និងសម្ភារៈធ្វើការរបស់ក្រុមសម្លេងភាគច្រើន និងក្រុមសម្លេងភាគតិច។
* កិច្ចប្រជុំសភាពេញអង្គ ត្រូវបានប្រកាសបិទបញ្ចប់នៅវេលាម៉ោង ៩៖២០នាទីនាព្រឹកថ្ងៃអង្គារ៍នេះដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា៕