នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ចេញលិខិតជាផ្លូវការ ដកបញ្ឈរជើងនគរបាលសក្តិ៣ ឈ្មោះ ខេង សុខា ដែលកាងល្បែងជល់មាន់ នៅស្រុកគងពិសី
31-01-2017 09:46
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាចេញលិខិតបង្គាប់ការ ផ្អាកការងារបណ្តោះអាសន្ន មន្ត្រីនគរបាលសក្តិ៣ ខេង សុខា ដែលពាក់ព័ន្ធការកាងល្បែងជល់មាន់ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ការដកបញ្ឈរជើងមន្ត្រីនគរបាលដែលប្រព្រឹត្តខុសឆ្គងនេះ ធ្វើឡើងបន្ទាប់ពីមានបញ្ជារបស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
សូមជម្រាបថា ករណីបង្ក្រាបសង្វៀនជល់មាន់ ក្នុងភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី នាពេលកន្លងទៅថ្មីៗនេះ ពីសំណាក់មន្ត្រីនគរបាល ស្រុកគងពិសី ឃាត់បានម៉ូតូ៩គ្រឿង មាន់ជល់៤ក្បាល និងសម្ភារជាច្រើនទៀត។
ក្នុងពេលដែលបង្ក្រាបនោះ មានការប្រឈមមុខដាក់គ្នា រវាងសមត្ថកិច្ច និងម្ចាស់សង្វៀន ព្រោះអ្នកបើកកន្លែងខាងលើអះអាងថា ខ្លួនក៏ជាមន្ត្រីនគរបាល ព្រហ្មទណ្ឌក្រុងភ្នំពេញ ហើយការបង្ក្រាបស្ទើរផ្ទុះអាវុធទៀតផង។
អ្នកបើកសង្វៀនមាន់នោះ ត្រូវបានគេស្គាល់ថា ជាស្ត្រីម្នាក់ ឈ្មោះ ចាន់ ណារ៉ា ភេទស្រី រស់នៅខណ្ឌចំការមន ក្រុងភ្នំពេញ និងបុរសអ្នកកាងជាប៉ូលិសក្រុងភ្នំពេញ ដែលអះអាងថា ឈ្មោះ ខេង សុខា៕