(ភ្នំពេញ)៖ បុរសពីរនាក់រងរបួសធ្ងន់ និងរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿងរងការខូចខាត ដោយសារតែនារីវ័យក្មេងម្នាក់ បានបើករថយន្ត បោះពួយយ៉ាងលឿន រួចជ្រុលទៅបុករះចូលផ្ទះប្រជាពលរដ្ឋ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១១៖៥០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ វត្តអង្គតាមិញ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ម្ចាស់ផ្ទះដែលរងគ្រោះ នៅក្នុងហេតុការណ៍ខាងលើបានប្រាប់ភ្នាក់ងារ Fresh News ថា នាម៉ោងជាង១១យប់ គាត់កំពុងតែដេកក្នុងផ្ទះ ក៏ស្រាប់តែឮសំឡេងប្រ៉ាវ បុកចូលដល់ទ្វារបន្ទប់របស់គាត់ ភ្លាមនោះគាត់បានបើកទ្វារចេញមក មើលក៏ឃើញរថយន្តមួយគ្រឿងម៉ាក Higlander ពណ៌ស ស្លាកលេខ 2Y-8963 ដែលបើកដោយនារីម្នាក់ បានបុករះម៉ូតូខ្ទេចមួយគ្រឿង និងបុរសពីរនាក់សន្លប់ស្តូកស្តឹង ចូលទៅក្នុងផ្ទះបាត់ទៅហើយ។
ភ្លាមៗអ្នកនៅក្បែរនោះ បាននាំគ្នាជួយឃាត់អ្នកបើកបរ រួមជាមួយរថយន្តផងដែរ បន្ទាប់ពីឃាត់បានហើយ ជនរងគ្រោះដែលជាម្ចាស់ផ្ទះ បានរាយការណ៍ ជូនសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ និងនាំខ្លួនអ្នកបើករថយន្តបង្ក រួមជាមួយវត្ថុតាង ទៅប៉ុស្តិ៍នគរបាល រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។
ចំណែកបុរសដែលរងរបួសទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ៕