(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស៣៥នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់៣០ ខែមករា ឆ្នាំ២០១៧ ហើយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីចូលឆ្នាំចិនឆ្នាំ២០១៦ ករណីគ្រោះថ្នាក់ចរាចរណ៍ បានថយចុះ៦លើក អ្នកស្លាប់ថយចុះ៦នាក់ និងអ្នករបួសថយចុះ១៤នាក់។
របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយសារបើកបរល្មើសល្បឿន ស្រវឹង ប្រជែង មិនប្រកាន់ស្តាំ មិនគោរពសិទ្ធិ បត់គ្រោះថ្នាក់ ងងុយដេក និងកត្តាយានយន្ត។
ដោយឡែកសម្រាប់គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃចុងក្រោយនៃឱកាសចូលឆ្នាំចិន គឺថ្ងៃទី៣០ ខែមករា គ្រោះថ្នាក់ចរាចរណ៍ កើតឡើង១៤លើក ស្លាប់៣នាក់ និង១៥នាក់របួសធ្ងន់ និង៧នាក់របួសស្រាល៕