(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបង្ក ដោយរថយន្តបើកបុកម៉ូតូពេញទំហឹងលាន់ឮដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់ជាអ្នកជិះម៉ូតូ ដាច់ជើង និងបែកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ​ នាម៉ោង១១៖០៧នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ នៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

សាក្សីឃើញហេតុការណ៍ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរពិតជាសាហាវខ្លាំងណាស់ ពោលនៅមុនពេលកើតហេតុរថយន្តកូរ៉ូឡា ពណ៌ស្លែ និងម៉ូតូ បានបើកបរក្នុងទិសដៅស្របគ្នាក្នុងល្បឿនលឿនដូចហោះ។ លុះមកដល់ចំណុចកើតហេតុរថយន្តបានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យម៉ុតូផ្លោងជាច្រើនម៉ែត្រពីកន្លែងកើតហេតុ ហើយរថយន្តក៏បានហោះផ្លោងក្រឡាប់ផ្ងារកង់ឡើងលើផងដែរ។

បើទោះបីជាយ៉ាងណាជនរងគ្រោះជិះម៉ូតូ ដែលស្លាប់បាត់បង់ជីវិត និងអ្នកជិះរថយន្ត ដែលរងរបួសធ្ងន់នោះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ៕