(ភ្នំពេញ)៖ ក្នុងតំណែងជារដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរយៈពេលជាង៩ខែមកនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា បំណងប្រាថ្នារបស់លោកមួយចំនួនបានសម្រេច ហើយនៅបំណងប្រាថ្នាជាច្រើនទៀតមិនបានសម្រេចនៅឡើយ និងចង់ ឃើញបំណងប្រាថ្នាទាំងនោះសម្រេចឲ្យបានឆាប់ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។

រដ្ឋមន្រ្តី ដែលគេប្រសិទ្ធនាមជារដ្ឋមន្រ្តីទំនើបកម្ម និងបានធ្វើកំណែទម្រង់បញ្ចូលសេវាសាធារណជាច្រើនជាមួយប្រព័ន្ធបច្ចេកវិទ្យាថ្មីទំនើប លោក ស៊ុន ចាន់ថុល បានថ្លែងឲ្យដឹងថា បំណងប្រាថ្នា ដែលលោកសម្រេចបានហើយនោះ គឺការផ្តល់សេវាសាធារណៈ សេវាចាំបាច់តាមប្រព័ន្ធអនឡាញសម្រាប់ការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការផ្តល់បណ្ណបើកបរ។ សេវាតាមប្រព័ន្ធទំនើបកម្មទាំង៣នេះ ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧។

ដោយឡែកបំណងប្រាថ្នាដែលមិនទាន់បានសម្រេច ហើយប្តេជ្ញាថា នឹងធ្វើឲ្យបាននោះរួមមាន៖ ខិតខំចរចាយ៉ាងណាអភិវឌ្ឍន៍ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឲ្យបានចប់ជាស្ថាពរ និងចង់ឃើញផ្លូវល្បឿនលឿនភ្នំពេញ-បាវិត លេចចេញជារូបរាងផងដែរ។

លោក ស៊ុន ចាន់ថុល ក៏ចង់ជួសជុលផ្លូវដែកពីភ្នំពេញ ទៅប៉ោយប៉ែត ឲ្យចប់ជាស្ថាពរ និងចង់ឲ្យមានការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកដោយប្រើប្រាស់ទន្លេឲ្យបានឆាប់ខាងមុខនេះ។ លោករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏ចង់ឃើញការតភ្ជាប់ផ្លូវរថភ្លើងពីស្ថានីយ៍ភ្នំពេញ ទៅព្រលានយន្តហោះ និងទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីដឹកកម្មករ កម្មការិនីទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាដឹកអ្នកដំណើរទៅកាន់ព្រលានយន្តហោះ។

លោករដ្ឋមន្រ្តី ដែលធ្លាប់ទទួលអាហារូបករណ៍សិក្សានៅសហរដ្ឋអាមេរិករូបនេះ ក៏ចង់រៀបចំនីតិវិធីការកសាង ជួសជុលថែទាំផ្លូវបានមាំ និងមិនចង់ឃើញការធ្វើផ្លូវឲ្យបានជាប់ ព្រមទាំងផ្សព្វផ្សាយច្បាប់ចរាចរណ៍ ណែនាំប្រជាពលរដ្ឋឲ្យចេះច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះ ក៏ដូចជាកាត់បន្ថយគ្រោះថ្នាក់ចរាចរ។

បំណងមួយទៀតនោះ គឺការខិតខំធ្វើការជាមួយគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន ៥០ភាគរយ នៅឆ្នាំ២០២០ តាមផែនការគ្រោងទុក។

សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល ត្រូវបានប្រកាសតែងតាំងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅខែកញ្ញា ឆ្នាំ២០១៣។ លោក ស៊ុន ចាន់ថុល បានបំពេញបេសកកម្មប្រកបដោយភាពច្បាស់លាស់ក្នុងការធ្វើកំណែទម្រង់ក្រសួង នៅក្នុងផ្នែករដ្ឋបាល ដើម្បីធ្វើឲ្យប្រសើរឡើងដល់កិច្ចសម្រួលពាណិជ្ជកម្មគាំទ្រការអភិវឌ្ឍន៍វិស័យឯកជន តាមរយៈការបង្កើនតម្លាភាព និងប្រសិទ្ធិភាពនៅក្នុងក្រសួង និងដើម្បីទាក់ទាញការវិនិយោគផ្ទាល់ ពីបរទេសបន្ថែមទៀត សម្រាប់ប្រទេសកម្ពុជា ។

ក្នុងតំណែងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មជាងពីរឆ្នាំ លោក ស៊ុន ចាន់ថុល បានដាក់ចេញកំណែទម្រង់សំខាន់ៗ ដែលរៀបចំឡើង ដើម្បីឲ្យបរិយាកាសពាណិជ្ជកម្មរបស់កម្ពុជាមានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស។ កំណែទម្រង់សំខាន់ៗទាក់ទងនឹងការរៀបចំជាថ្មី នូវរចនាសម្ព័ន្ធ និងអង្គការលេខរបស់ក្រសួងពាណិជ្ជកម្មត្រូវបានអនុវត្ត ដែលក្នុងនោះរួមមាន៖ កិច្ចដំណើរចាត់តាំង និងការប្រើប្រាស់ធនធានមនុស្សប្រកបដោយតម្លាភាព។ ការធ្វើស្វ័យប្រវត្តិកម្មផ្នែកចុះបញ្ជីក្រុមហ៊ុន និងវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញកាត់បន្ថយយ៉ាងខ្លាំងដល់ការចំណាយក្រៅផ្លូវការ ហើយក៏បានដាក់ចេញរូបមន្ត សម្រាប់គណនាតម្លៃប្រេងឥន្ធនៈ និងជួយបញ្ចុះតម្លៃប្រេងឥន្ធនៈផងដែរ។

លោក ស៊ុន ចាន់ថុល ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្រេចស្នើរដ្ឋសភាផ្លាស់ប្តូរតួនាទីមកកាន់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅខែមេសា ឆ្នាំ២០១៦។ ដោយគោរពតាមទិសដៅកំណែទម្រង់ស៊ីជម្រៅ របស់សម្តេចតេជោ ហ៊ុន សែន នៅក្រសួងសាធារណការ លោក ស៊ុន ចាន់ថុល ក៏បានប្រឹងប្រែងធ្វើកំណែទម្រង់ជាច្រើនលើការផ្តល់សេវា ដែលជាបញ្ហាចាក់ស្រេះនាពេលកន្លងមក។

ដើម្បីដោះស្រាយបញ្ហាក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ លោក ស៊ុន ចាន់ថុល បានសម្រេចបង្កើតមណ្ឌលប្តូរ និងពន្យារបណ្ណបើកបរនៅផ្សារទំនើបអ៉ីអន សម្រេចបង្កើតឲ្យមានរថយន្តត្រួតពិនិត្យបច្ចេកទេសយានយន្តចល័ត ហើយការដាក់ឲ្យដំណើរប្រព័ន្ធស្វ័យ ប្រវត្តិកម្មលើការចុះបញ្ជីយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងការផ្តល់បណ្ណបើកបរជាដើម។

លោក ស៊ុន ចាន់ថុល ជារដ្ឋមន្រ្តីមួយរូប ដែលបានធ្វើឲ្យប្រជាពលរដ្ឋពេញចិត្តពេញថ្លើមខ្លាំងជាមួយការដាក់ចិត្តដាក់កាយ របស់លោកក្នុងការបម្រើប្រជាពលរដ្ឋស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន៕