(កំពង់ស្ពឺ)៖ លោកនាយឧត្ដមសេនីយ៍ ចៅ ផល្លី អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកស្រីយ៉ង់ ម៉ូលីកា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ បានអញ្ជើញបើកសម្ពោធបណ្ណាល័យសាលាបឋមសិក្សា២៤កញ្ញា ស្ថិតនៅភូមិត្រពាំងកក់ ឃុំពោធិ៍អង្រ្គង ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យសាលាបឋមសិក្សានោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ ចៅ ផល្លី បានថ្លែងថា កំណែទម្រង់ក្នុងវិស័យអប់រំ ដែលឈរលើសសរស្ដម្ភទាំង៥ កំពុងតែបានជំរុញយ៉ាងសកម្ម សំដៅលើកកម្ពស់ការចូលរៀន ការបង្ហាត់បង្រៀន និងការកសាងធនធានមនុស្ស ប្រកបដោយគុណវិឌ្ឍិ ហើយការបង្កើនគុណភាព ប្រសិទ្ធិភាព នៃសេវាអប់រំនៅគ្រប់កម្រិតសិក្សា និងបណ្ដុះបណ្ដាលបច្ចេកទេសមុខវិជ្ជាជីវៈ ទាំងក្នុងគ្រិះស្ថានរដ្ឋ និងឯកជន ដើម្បីធានាឲ្យកុមារ ៣ឆ្នាំឡើងទទួលបានការអប់រំ គ្រប់រូបភាព នៅក្នុងសេវារដ្ឋតាមគោលនយោបាយ របស់រាជរដ្ឋា ភិបាល។
លោកនាយឧត្ដមសេនីយ៍ បានបន្ដថា ការលើកទឹកចិត្ដសិស្សពូកែទាំងពីរភេទ ដោយជូនរង្វាន់នៅដំណាត់ឆ្នាំនីមួយៗកាត់បន្ថយអត្រាការបោះបង់ការសិក្សា គ្រប់កម្រិតថ្នាក់ ឲ្យនៅទាបបំផុត ដើម្បីសម្រេចបាន ទិសដៅអប់រំកម្រិតមូលដ្ឋាន ដែលមានរយៈពេល៩ឆ្នាំគឺនៅបឋមសិក្សា ៦ឆ្នាំ និងនៅមធ្យមសិក្សា៣ឆ្នាំ។
លើកទឹកចិត្ដដល់លោកគ្រូ អ្នកគ្រូ ដែលខិតខំប្រឹងប្រែងអនុវត្ដភារកិច្ចបានល្អ ពិសេសតាមរយៈលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ កន្លងមកនេះ បានឆ្លុះបញ្ចាំងឲ្យឃើញនូវការប្រែប្រួលល្អ ខាងគុណភាព នៃការអប់រំថ្នាក់ចំណេះដឹងទូទៅ ការផ្លាស់ប្ដូរឥរិយាបថរបស់សិស្ស ចំពោះការរៀនសូត្រ ការរីកចម្រើននៃមនសិការវិជ្ជាជីវៈរបស់បុគ្គលិកសិក្សា ការគាំទ្រ និងការចូលរួមរបស់មាតាបិតា បណ្ដាស្ថាប័ន និងមជ្ឈដ្ឋាននានា ក្នុងសង្គម។
នាយឧត្ដមសេនីយ៍បន្ដទៀតថា ការរីកម្រើនលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ សម្រាប់គាំទ្រការអភិវឌ្ឍន៍ មានកំណើនគួរឲ្យកត់សម្គាល់ដូចជា ផ្លូវថ្នល់តភ្ជាប់ផ្លូវជនបទ ផ្លូវដែក ស្ពាន ប្រព័ន្ធធារាស្ដ្រ អគ្គិសនី ទឹកស្អាត មន្ទីរពទ្យជាដើម។ ព្រមជាមួយគ្នានេះ កម្ពុជាបានបន្ដពង្រឹង និងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្ដិការដ៏ល្អ ជាមួយបណ្ដាប្រទេសជាមិត្ដជិតខាង និងដៃគូអភិវឌ្ឍទាំងឡាយ បានបន្ដចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការអន្ដរជាតិ ដោយស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្ដាប្រទេស។
នាយឧត្ដមសេនីយ៍បន្ថែមថា ដំណើរវិវត្ដន៍ជាវិជ្ជាមាននេះ នឹងពង្រឹងភាពអនុគ្រោះឲ្យប្រជាជនកម្ពុជាសម្រេចបានជោគជ័យថ្មីៗទៀត ក្នុងឆ្នាំ២០១៧ ដូចជាការអនុវត្ដកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣ បន្ដពង្រឹងខឿនការពារជាតិ ឲ្យបានរឹងមាំទាំងនៅដែនគោក ដែនទឹក ដែនអាកាស សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារនៅគ្រប់លំដាប់ថ្នាក់។
ទន្ទឹមនឹងនោះ លោកនាយឧត្ដមសេនីយ៍បានពាំនាំនូវការសួរសុខទុក្ខពីសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ក្នុងសាលាបឋមសិក្សា២៤កញ្ញា ដែលសម្ដេចទាំពីរ តែងតែគិតគូរដល់ការលំបាក និងយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្ស ការលំបាករបស់ប្រជាពលរដ្ឋ គឺជាការលំបាករបស់សម្ដេចទាំងពីរ។
គួររម្លឹកថា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យសាលាបឋមសិក្សា២៤កញ្ញា ក៏មានការចូលរួមពី លោកយឹម សុខុម ជាប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោក ង៉ាក់ ប៊ុនទី អភិបាល នៃគណៈអភិបាលស្រុកបរសេដ្ឋ សប្បុរសជន លោក សេង ហិនរីហេង និង លោកស្រី សាន់ត្រាអ៊ុកហេង (មកពីសហរដ្ឋអាមេរិក) សប្បុរសជន លោក ចៅ ជិនថុង និង លោកស្រី ហីម ស៊ីថុល (មកពីសហរដ្ឋអាមេរិក) លោក នៅ ចាន់ណារិន និង លោកស្រី យឹម ឧសភា (ភ្នំពេញ) លោក ឃឹន គឹមនួន នឹង លោកស្រី ប៉ែន ពិសី (ភ្នំពេញ) សិស្សានុសិស្ស១០០០នាក់ ប្រជាពលរដ្ឋ២០០នាក់ ចាស់ជរា២២នាក់ និងលោកគ្រូ អ្នកគ្រូ ២៦នាក់ ដែលសរុបប្រមាណ១២០០នាក់៕