(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ លោក ដាម ប៊ុនថាំ អគ្គរាជទូត និងអនុប្រធានបេសកម្ម នៃស្ថានឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ប្រទេសថៃ ចង់ពង្រីកឧស្សាហកម្មផលិត ផលម្ហូបហាឡាល់ ចូលមកកាន់ទីផ្សារកម្ពុជា ដើម្បីបម្រើសហគមន៍មូស្លីមដែលមានចំនួនជាង ១០០ និងភ្ញៀវទេសចរដែលជាសាសនិកឥស្លាម។
លោកអគ្គរាជទូត ថ្លែងថា ថៃនឹងរៀបចំសិក្ខាសាលាខ្នាតតូចមួយក្នុងខែមេសា ដើម្បីចែករំលែកបទពិសោធន៍ជូនប្រទេសកម្ពុជាលើការអភិវឌ្ឍផលិតផលហាឡាល់ និងជំរុញកិច្ចសហការរវាងពាណិជ្ជករប្រទេសទាំងពីរ។
ជាការឆ្លើយតបលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់អគ្គរដ្ឋទូត ដោយសាររាជរដ្ឋាភិបាលកម្ពុជា យល់ច្បាស់ពីសារៈសំខាន់ នៃផលិតផលហាឡាល់ សម្រាប់ការអភិវឌ្ឍកំណើនសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្ត្រី បានជម្រាបអគ្គរាជទូតថៃថា ក្រសួងពាណិជ្ជកម្មទើបបានបញ្ជប់សេចក្តីព្រាងអនុក្រឹត្យ និង បានបង្កើតគណៈកម្មការត្រួតពិនិត្យផលិតផលឡាហាល់ ដើម្បីចងក្រងផែនទីបង្ហាញផ្លូវរៀបចំស្លាកសញ្ញា និងវិញ្ញាបនប័ត្របញ្ជាក់ស្តង់ដាសម្រាប់ផលិតផលហាឡាល់ សំដៅផ្សព្វផ្សាយជូនពាណិជ្ជករ និងសាធារណៈជន ឲ្យបាននៅក្នុងត្រីមាសទី ១ នៃដើមឆ្នាំ ២០១៧នេះ។
លោករដ្ឋមន្ត្រីក៏បានស្នើដល់អគ្គរាជទូតថៃ សហការជាមួយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជួយបង្កើតនូវកម្មវិធីបណ្តុះបណ្តាល ដល់មន្ត្រីរបស់កម្ពុជា តាមរយៈការចូលរួមសិក្ខាសាលា និងទស្សនកិច្ចសិក្សាផ្សេងៗ ដើម្បីស្វែងយល់ពីយន្តការនៃការអនុវត្តកិច្ចការឡាហាល់ នៅក្នុងប្រទេសថៃ៕