(ប៉ៃលិន)៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ក្រុមការងារមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន ដឹកនាំដោយលោក ជា ចាន់ឌិន ស្នងការនគរបាលខេត្ត និងលោក ម៉ី វុទ្ធារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ទៅផ្តល់ជូនដល់គេហដ្ឋានផ្ទាល់គ្រួសារស្រ្តីសម្រាលកូនចំនួន ៨គ្រួសារ ក្នុងឃុំអូរអណ្តូង និងឃុំស្ទឹងត្រង់ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ដោយក្នុងមួយគ្រួសារៗទទួលបានគ្រឿងឧបភោគ បរិភោគមួយចំនួន និងប្រាក់ឧបត្ថម្ភពីមូលនិធិចំនួន ២០០,០០០រៀល (ពីរសែនរៀលគត់) ។
នៅក្នុងឱកាសនោះក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខ និងអបអរសាទរពីសំណាក់សម្តេចក្រឡាហោម ស ខេង ជូនចំពោះគ្រួសារសម្រាលកូនទាំង ៨គ្រួសារនាពេលនេះ ដោយសម្តេចក្រឡាហោម សូមឲ្យគ្រួសារដែលទទួលបានថវិកាមូលនិធិ សូមថែរក្សាសុខភាព ដោយរក្សាការរស់នៅស្អាត អនាម័យ និងបំបៅកូនដោយទឹកដោះរយៈពេល៦ខែដំបូង ដើម្បីធានាបានសុខភាពល្អទាំងម្តាយ និងទារកផងដែរ។
មូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន បង្កើតឡើងដើម្បីរួមចំណែកជាមួយប្រជាពលរដ្ឋរស់នៅអចិន្រ្តៃយ៍ក្នុងខេត្តប៉ៃលិន ក្នុងការលើកកម្ពស់សុខភាពមាតាទារកឲ្យកាន់តែប្រសើរ ដោយពុំបានគិតអំពីបក្សនយោបាយឡើយ។
សូមបញ្ជាក់ថា ក្រុមការងារមូលនិធិសម្តេចក្រឡាហោម ខេត្តប៉ៃលិន ក៏មានគម្រោងនឹងសាងសង់ផ្ទះជូនដល់ប្រជាពលរដ្ឋ ដែលពុំមានផ្ទះស្នាក់នៅសមរម្យផងដែរ៕