(ភ្នំពេញ)៖ លោក កែវ ភីរម្យ អគ្គលេខាធិការរង គណបក្សសង្រ្គោះជាតិ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះថា នៅថ្ងៃទី៣១ ខែមករា ស្អែកនេះ តំណាងរាស្រ្តពីគណបក្សសង្រ្គោះជាតិ នឹងមិនចូលរួមប្រជុំរដ្ឋសភា ជាមួយសមាជិក គណបក្សប្រជាជនកម្ពុជា ក្នុងការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរំលាយចោលប្រធានក្រុមមតិភាគតិច និងភាគច្រើននោះឡើយ។
ទន្ទឹមនឹងការមិនចូលរួមប្រជុំហើយនោះ លោក សុន ឆ័យ ដែលជាអភិបាលក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ ក៏នឹងបើកសន្និសីទព័ត៌មានមួយបង្ហាញពី គោលជំហររបស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លើការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាលើប្រការ៤៨ថ្មី (៣) នេះផងដែរ។
សូមបញ្ជាក់ថា រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃស្អែកនេះ នឹងបើកអង្គប្រជុំវិសាមញ្ញ ដើម្បីធ្វើសោធនកម្មបទបញ្ជាផ្ទៃក្នុងត្រង់ជំពូក១២ ប្រការ ៤៨ថ្មី (៣) ស្តីពីអាសនានុក្រម នៃក្រុមតំណាងរាស្រ្តនៅក្នុងរដ្ឋសភា។ ពោលជាការធ្វើវិសោធនកម្មរំលាយចោលប្រធានក្រុមមតិភាគតិច និងភាគច្រើន។
សំណើសុំធ្វើវិសោធនកម្មនេះ ត្រូវបានចុះហត្ថលេខាដោយក្រុមតំណាងរាស្រ្តចំនួន ៥៥រូប កាលពីកន្លងទៅថ្មីៗនេះ បន្ទាប់ពីមានការប្រកាសដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឱ្យមានការធ្វើវិសោធនកម្មលើមាត្រា៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានេះឡើងវិញ។ សម្តេចមានប្រសាសន៍ថា ប្រការនេះបាន ធ្វើឱ្យពិបាកក្នុងការធ្វើការ រួមទាំងមានប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការជាដើម។
បទបញ្ជាផ្ទៃក្នុងរដ្ឋសភាប្រការ ៤៨ថ្មី (៣) ត្រូវបានចងក្រងឡើងដោយសមាជិកសភាគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិក្រោយបិទបញ្ចប់ វិវាទនយោបាយតាមរយៈការបង្កើតវប្បធម៌សន្ទនា២២ កក្កដា ២០១៤។ ប្រការ ៤៨ថ្មី (៣) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភានេះ បានសម្រេចបង្កើតឲ្យមាន ប្រធានក្រុមតំណាងរាស្រ្តមតិភាគតិច ដែលប្រធានក្រុមមតិភាគតិចនេះមកពីគណបក្សនយោបាយក្រៅរាជរដ្ឋាភិបាល ដែលមាអាសនៈក្នុងរដ្ឋសភាចាប់ពី ២៥ភាគរយឡើងទៅ។ ប្រធានក្រុមមតិភាគតិចជាគូសន្ទនានឹងប្រមុខរាជរដ្ឋាភិបាលទាក់ទងបញ្ហាប្រទេសជាតិ និងមានឋានៈស្មើនាយករដ្ឋមន្រ្តី។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ការកែប្រែបទបញ្ជាផ្ទៃក្នុងរដ្ឋសភាបង្កើត ឲ្យមានប្រធានក្រុមមតិភាគតិចនេះ គឺដើម្បីផ្តល់អាសនានុក្រមជូនលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលកាលនោះគ្មានតំណែងអ្វីទាំងអស់នៅក្នុងរដ្ឋសភា ក្រៅតែជាសមាជិកសភាធម្មតាប៉ុណ្ណោះ។
បន្ទាប់ពីលោក សម រង្ស៊ី ត្រូវបានដកពីតំណែងជាប្រធានក្រុមមតិភាគតិចកាលពីវិច្ឆិកា ឆ្នាំ២០១៥ ព្រោះតែទោសទណ្ឌក្នុងបណ្តឹងជាច្រើន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ រដ្ឋសភា ក៏បានតែងតាំងលោក កឹម សុខា ប្រធានស្តីទីដាក់ជំនួសវិញ។
លុះការតែងតាំងបានមួយរយៈពេលខ្លី នៅដើមខែមករា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងតំណាងរាស្រ្តមកពីគណបក្ស ប្រជាជនកម្ពុជា ក៏បានស្នើឲ្យធ្វើវិសោធនកម្មលើប្រការ ៤៨ថ្មី (៣) នេះវិញ ពោលជាការធ្វើវិសោធនកម្មលុបចោលលែង ឲ្យមានតំណាងក្រុមមតិភាគតិច និងភាគច្រើនតែម្តង។ បើតាមសម្តេចតេជោ ការលុបចោលនេះ ក៏ព្រោះតែលោក កឹម សុខា ប្រធានស្តីទី គណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមមតិភាគតិច ចេះតែទទូចឲ្យមានការដោះលែងសកម្មជនគណបក្សសង្រ្គោះជាតិ រាល់ពេលចង់ បើកការចរចាជាមួយសម្តេចក្រឡាហោម ស ខេង ដែលជាប្រធានក្រុមមតិភាគច្រើន។
ការស្នើរបស់លោក កឹម សុខា ត្រូវបានតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ចាត់ទុកថា ជាទង្វើផ្ទុយ និងបំពានទៅលើនីតិវិធីរបស់តុលាការ៕