(រតនគិរី)៖ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី លោក ង៉ែត ពិទូ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរសៀលថ្ងៃទី៣០ ខែមករានេះថា ក្នុងឱកាសចូលឆ្នាំចិនរយៈពេល៣ថ្ងៃ នាឆ្នាំ២០១៧នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលទៅទស្សនាកម្សាន្តតំបន់ទេសចរណ៍នានា ក្នុងខេត្តរតនគិរី មានចំនួន៤៥.១៩៨នាក់ កើន៤ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៦។
លោកប្រធានមន្ទីរ ង៉ែត ពិទូ បានបន្តថា «រមណីដ្ឋានទាំងអស់ក្នុងខេត្តរតនគិរី ដូចជាអូរសិនលែរ៍ (ហៅទឹកជ្រោះ៧ជាន់) បឹងប្រវត្តិសាស្ត្រយក្សឡោម សំបូរភ្ញៀវកម្សាន្តច្រើនជាងគេ។ ក្រៅពីនេះ មានទឹកធ្លាក់កាចាញ ទឹកជ្រោះកាទៀង រមណីដ្ឋានតាតៃ (លំផាត់) សុទ្ធតែជាកន្លែងទេសចរណ៍បែបធម្មជាតិ»។
លោកបានបន្ថែមថា សមត្ថកិច្ចបានរៀបចំផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ឲ្យភ្ញៀវជាតិ-អន្តរជាតិ មានភាពកក់ក្តៅ ដែលគួបផ្សំនឹងអាកាសមានភាពត្រជាក់ពីធម្មជាតិ ហើយតម្លៃសេវាការស្នាក់នៅសណ្ឋាគារ ផ្ទះសំណាក់ ម្ហូបអាហារ មានការឡើងថ្លៃបន្តិចបន្តួចប៉ុណ្ណោះពីថ្ងៃធម្មតា។
ជាងនេះទៅទៀត ក៏មានកត្តាជាច្រើនទៀត ដែលភ្ញៀវសម្រុកមកកម្សាន្តនៅខេត្តរតនគិរី ដូចជា ផ្លូវជាតិស្អាតងាយស្រួលធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាក់ស្តែងក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ ភ្ញៀវទេសចរមកពីបណ្តាខេត្តផ្សេងៗ ភាគច្រើនកាត់តាមខេត្តមណ្ឌលគិរី មកដល់ខេត្តរតនគិរី ហើយអាចបន្តដំណើរឆ្លងកាត់ទៅស្ទឹងត្រែង សៀមរាប ព្រះវិហាវិញក៏បាន។
លោកបានបន្តទៀតថា «ក្នុងឱកាសបុណ្យចូលឆ្នាំចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០១៧នេះ នៅទូទាំងខេត្តរតនគិរី ពុំមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងធ្ងន់ធ្ងរនោះទេ»៕