(កំពង់ធំ)៖ សាលាបឋមសិក្សាសំប៉ាន ស្ថិតក្នុងភូមិសំប៉ាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ជាសាលាដ៏តូចមួយមានសភាពចាស់ទ្រុធទ្រោមអស់ជាយូរឆ្នាំ ជញ្ជាំងបិទស្លឹករហែកធ្លោះធ្លាយថ្ងៃរះចាំងភ្នែក បើខែវស្សាភ្លៀងសាចជះទទឹកកូនសិស្ស រីឯដំបូលប្រក់បំណែកគ្បឿងចាស់ៗ ធ្លោះធ្លាយជ្រោះបែកជាហូរហែ បង្កភាពភ័យខ្លាចព្រួយបារម្ភទាំងគ្រូទាំងសិស្ស ចាំតែថ្ងៃរលំបាក់។
ទាំងសិស្សទាំងលោកគ្រូ ដែលអាស្រ័យចំណេះវិជ្ជាក្នុងខ្ទមដ៏ជរាមួយនេះ បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កាកបាទក្រហមកម្ពុជា អង្គការជាតិ-អន្តរជាតិនានា ក៏ដូចជាលោកអ្នកមានចិត្តសប្បុរសទាំងអស់ ស្នើសុំជំនួយជួយសាងសង់អគារសិក្សាថ្មីមួយ សម្រាប់ឲ្យកូនសិស្សក្រីក្រដ៏កំសត់ទាំងនោះ មានលទ្ធភាពបានសិក្សាក្នុងអគារសិក្សាមួយ ប្រកបដោយភាពកក់ក្ដៅ និងសុវត្ថិភាព សំដៅជំរុញដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យមានការរីកចម្រើនតទៅមុខ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។
បើតាមលោកគ្រូ បូ លៀម ជាគ្រូបង្រៀនក្នុងសាលាបឋមសិក្សាសំប៉ាននេះ បានបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នេះថា សាលាបឋមសិក្សាសំប៉ាន បានកសាងឡើងតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ពោលគឺក្រោយថ្ងៃរំដោះ ៧មករា សាលារៀននេះ បានចាប់បដិសន្ធិឡើងស្របពេលប្រទេសជាតិ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត តែម្ដង។ លុះដល់ឆ្នាំ១៩៨២ ប្រជាពលរដ្ឋបានរួមគ្នា រុះរើជួសជុលបានម្ដង ហើយឆ្នាំ១៩៩៦ សាលារៀនដ៏ចំណាស់នេះ ត្រូវបានរុះរើជួសជុសផ្នែកខ្លះៗម្ដងទៀត តែមិនបានទាំងអស់នោះឡើយ ពោលគឺនៅតែមានសភាពបាក់បែកដដែល រហូតដល់ឆ្នាំ២០១៧នេះ សាលាមានអាយុ៣៨ឆ្នាំហើយដែរ គឺមើលទៅមិនសមជាសាលារៀនឡើយ ដោយសារចាស់ទ្រុធទ្រោមខ្លាំងពេក។
លោកគ្រូ បូ លៀម បានបន្តថា សព្វថ្ងៃកូនសិស្សដែលរៀនក្នុងសាលានេះ មានតែថ្នាក់ទី១ និងថ្នាក់ទី២ ប៉ុណ្ណោះ សរុបចំនួន ២៥នាក់ (ស្រី១២នាក់) ហើយសុទ្ធតែជាសិស្សមានជីវភាពក្រីក្រ និងក្មេងកំព្រា ឪពុកម្ដាយគ្មានលទ្ធភាពបញ្ជូនឲ្យទៅរៀននៅពីផ្ទះឆ្ងាយ ព្រោះពួកគេនៅក្មេងៗតូចៗ។ លោកគ្រូ បូ លៀម ថា «មើលទៅអាណិតពេក ខ្ញុំខំបង្រៀនគួរអង់គ្លេងដល់ពួកគេអត់យកលុយទេ ព្រោះកូនគេផ្សេងគេមានលទ្ធភាព ឲ្យទៅរៀនសាលាឆ្ងាយ មានលុយបង់គួរ ឯគ្នាឪពុកម្ដាយមិនសូវធូរធា គ្នាមានលុយមកពីណា ឲ្យបានចេះនឹងគេទៅ ខ្ញុំក៏សប្បាយចិត្តដែរ ហើយពួកគេខំរៀនណាស់»។
លោកគ្រូបានបន្ថែមថា ចំពោះការងាររដ្ឋបាល សាលាបឋមសិក្សាសំប៉ានបានធ្វើការជាមួយកម្រងស្ពឺ (សាលាបឋមសិក្សាស្ពឺ) និងជាមួយការិយាល័យអប់រំ យុវជន និងកីឡាស្រុកស្ទោង ប៉ុន្តែការអភិវឌ្ឍសាលាផ្ទាល់ គឺសាលានីមួយៗ ដែលស្ថិតក្នុងកម្រងស្ពឺនោះ ត្រូវទទួលខុសត្រូវខ្លួនឯង។ មួយទៀតសោត ភូមិសំប៉ាន ដែលសាលាបឋមសិក្សាសំប៉ានតាំងនៅនេះ មានប្រជាជនតិចតូច ប្រជាពលរដ្ឋដែលមានជីវភាពក្រខ្សត់ មិនមានលទ្ធភាពបញ្ជូនកូនៗទៅរៀនសាលាឆ្ងាយ ក៏មិនមានធនធានណាជួយជ្រោមជ្រែងសាលាដែលកូនៗរបស់ពួកគាត់រៀនរាល់ថ្ងៃ ពលរដ្ឋខ្លះឲ្យកូនរៀនបានតែថ្នាក់ទី១ និងទី២នេះទៀត ព្រោះដល់ពេលឡើងថ្នាក់ទី៣ ពួកគាត់ខ្លះគ្មានលទ្ធភាពបញ្ជូនកូនៗទៅរៀនឆ្ងាយឡើយ។
ដោយមើលឃើញពីទុក្ខលំបាក ភាពខ្វះខាត ក៏ដូចជាឧបសគ្គដូចនេះហើយ លោកគ្រូ បូ លៀម ដែលបង្រៀនក្នុងសាលាបឋមសិក្សាសំប៉ាន តែម្នាក់ឯងគត់នោះ មានបំណងចង់បន្ថែមថ្នាក់សិក្សាដល់ថ្នាក់ទី៦ ពោលគឺឲ្យចប់កម្រិតបឋមសិក្សា ដើម្បីជួយសម្រាលទុក្ខលំបាករបស់អាណាព្យាបាលសិស្ស ប៉ុន្តែការងារទាំងនេះ បានត្រឹមតែជាគម្រោងក្នុងគំនិតដ៏លំបាកមួយ ព្រោះមិនងាយធ្វើបាន ដោយសារពាក្យថា គ្មានលទ្ធភាព និងគ្មានធនធានសូម្បីតែមួយរៀល។ ម្យ៉ាងទៀត ក្នុងសាលាក៏ខ្វះគ្រូបង្រៀនផងដែរ បើបន្ថែមថ្នាក់សិក្សា ត្រូវតែមានបុគ្គលិកបង្រៀនដែរ។ ចំពោះរបងព័ទ្ធជុំវិញសាលាក៏មិនទាន់មានគ្រប់គ្រាន់ទៀត។
លោកគ្រូ បូ លៀម បានថ្លែងប្រាប់បន្តថា ដោយសារបញ្ហាចេះតែកើតមានរាល់ថ្ងៃ ភាពភ័យខ្លាចព្រួយបារម្ភរបស់កូនសិស្ស ក៏រឹតតែកើមមានគ្រប់ពេលវេលាដែរ ទើបលោកគ្រូ និងកូនសិស្សតូចៗ ដែលបង្រៀន និងសិក្សារៀនសូត្រក្នុងសាលាសំប៉ាននេះ មានតែលើកដៃប្រណំអំពាវនាវទទូចហើយទទូចទៀត ប្រកាសស្នើសុំជំនួយពីសំណាក់ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ អ្នកឧកញ៉ា លោកឧកញ៉ា អង្គការជាតិ-អន្តរជាតិនានា ក៏ដូចជាសប្បុរសជនជិតឆ្ងាយ ដើម្បីចូលរួមត្រួសត្រាយផ្លូវមួយនេះ។
លោកក៏បានស្នើសុំក្ដីសណ្ដោសពី សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចទាំងពីរតែងតែយកចិត្តទុកដាក់ទំនុកបម្រុងគ្រប់សព្វបែបយ៉ាង ចំពោះប្រជាពលរដ្ឋទាំងពួង ដែលស្ម័គ្រចិត្តជ្រកក្រោមម្លប់សន្តិភាព ដ៏ត្រជាក់ត្រជុំរបស់សម្ដេចទាំងពីរ ដើម្បីជួយឧបត្ថម្ភសាងសង់អគារសិក្សា និងសម្ភារៈមួយចំនួន សម្រាប់ទុកជាថ្នាលបណ្ដុះបណ្ដាលចំណេះវិជ្ជា ដល់សិស្សតូចៗក្នុងសាលាតូចនេះ៕