(ភ្នំពេញ)៖ ម៉ោង១០ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ស្អែកនេះ ក្រសួងការបរទេសកម្ពុជា នឹងចុះហត្ថលេខាទទួលបានប្រាក់កម្ចី ពីប្រទេសកូរ៉េខាងត្បូងជាង ៤០០លានដុល្លារអាមេរិក ដើម្បីយកមកអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹក និងសម្រាប់លើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ (ពីស្រុកស្រែអំបិល ខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ខេត្តកោះកុង)។
ពិធីចុះហត្ថលេខានេះ នឹងធ្វើឡើងរវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោ គីម វ៉ន ជីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែល Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ទឹកប្រាក់ដែលកម្ពុជាខ្ចីកូរ៉េខាងត្បូងសម្រាប់គម្រោងអាទិភាពនានាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្រ្ត សុខភាព ផ្លូវជនបទ និងប្រព័ន្ធលូបង្ហូរទឹកពីឆ្នាំ២០១៦-២០១៨ មានទឹកប្រាក់ ៣៥០.០០០.០០០ដុល្លារអាមេរិក។ សម្រាប់គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ មានទឹកប្រាក់ចំនួន ៦៧.៤៣៤.០០០ ដុល្លារអាមេរិក។
ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការផ្តល់កម្ចីរបស់កូរ៉េខាងត្បូង ជាគាំទ្រដល់កិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងរួមចំណែកដល់ការរក្សាកំណើនសេដ្ឋកិច្ច ប្រកបដោយស្ថិរភាព៕