(ភ្នំពេញ)៖ មានប្រជាពលរដ្ឋខ្មែរមិនតិចនោះទេ បានបង្ហាញអារម្មណ៍ទោម្នាស់ រអ៊ូរទាំចំពោះភាពយឺតយ៉ាវរាល់ពេលពួកគេទៅស្វែងរកសេវាចុះបញ្ជីយានជំនិះ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងការស្វែងរកសេវាធ្វើបណ្ណបើកបរជាដើម ហើយពួកគេកាន់តែ ខឹងសម្បាខ្លាំង នៅពេលត្រូវចំណាយសេវាក្រៅផ្លូវការជាច្រើនថែមទៀតនោះ។
តែចាប់ពីចុងខែមករា ឆ្នាំ២០១៧នេះតទៅ បញ្ហា ដែលបានចាក់ស្រេះអស់ជាច្រើនឆ្នាំមកនេះ ប្រហែលជាត្រូវបិទបញ្ចប់ហើយ បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងអាណត្តិរបស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ជារដ្ឋមន្រ្តី បានធ្វើទំនើបកម្មបង្កើតប្រព័ន្ធស្វ័យ ប្រវត្តិកម្មលើសេវាទាំងអស់នេះ ពោលគឺប្រជាពលរដ្ឋដាក់ពាក្យ និងបំពេញបែបបទសព្វបែបយ៉ាងតាមប្រព័ន្ធអនឡាញ និងនៅគ្រប់ទីកន្លែងមិនចាំបាច់ចំណាយពេលទៅកាន់កន្លែងផ្តល់សេវានោះឡើយ។
ប្រព័ន្ធស្វ័យប្រវត្តិកម្មលើការផ្តល់សេវា នៃការចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និង ការផ្តល់បណ្ណបើកបរយានយន្តនេះ ត្រូវបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពរបស់លោកទេស រដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងការសាធារណការ និងដឹកជញ្ជូន។
លោក ស៊ុន ចាន់ថុល បានហៅការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងនេះថា ជាឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃកម្ពុជា ក្នុងការផ្តល់សេវាសាធារណៈទៅកាន់ប្រជាពលរដ្ឋ និងដោះស្រាយទុក្ខកង្វល់ ក៏ដូចជាភាពស្មុគស្មាញរបស់ប្រជាពលរដ្ឋ ពេលពួកគាត់ទៅស្វែងរកសេវាពីស្ថាប័នរដ្ឋផងដែរ។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់បន្ថែមថា ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មលើការផ្តល់សេវាចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈយានជំនិះ និងការផ្តល់បណ្ណបើកបរនេះ នឹងធ្វើឲ្យប្រជាពលរដ្ឋចំណេញពេលវេលា ជាពិសេសកាត់បន្ថយការចំណាយសេវាក្រៅ ផ្លូវការ ហើយក៏ចូលរួមលុបបំបាត់អំពើករលួយថែមទៀតផង។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងអស់នេះ គឺបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ លោកបានថ្លែងកោតសរសើរខ្ពស់លើស្នាដៃ និងសមត្ថភាពកូនខ្មែរ គឺមិនចាញ់បរទេសនោះឡើយ។
ដើម្បីទទួលបានសេវាស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធាណការ និងដឹកជញ្ជូន ដែលបានរៀបរាប់ខាងលើបងប្អូនប្រជាពលរដ្ឋអាចចូលទៅកាន់គេហទំព័រតាមសេវានីមួយៗដូចខាងក្រោម៖
- សេវាចុះបញ្ជីយានយន្តចូលទៅកាន់គេហទំព័រ៖ vehicle.mpwt.gov.kh
- សេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត៖ techinspection.mpwt.gov.kh
- សេវាផ្តល់បណ្ណបើកបរយានយន្ត៖ driverlicense.mpwt.gov.kh
តាមរយៈគេហទំព័រខាងលើនេះ ប្រជាពលរដ្ឋ ដែលមានបំណងទៅស្វែងរកសេវាពីក្រសួង អាចចូលទៅបំពេញពាក្យស្នើសុំនៅគ្រប់ទីកន្លែង ហើយបង់សេវាជាមួយភ្នាក់ងារវីង ឬ ស្មាតលុយ ជាការស្រេច។ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋអាចយកបង្កាន់ដៃដែលបានបង់ ប្រាក់នោះ ចុះទៅទទួលសេវាចុះបញ្ជីយានយន្ត សេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត ក៏ដូចជាទទួលយកប័ណ្ណបើកបរយាន្ត (នៅពេលប្រឡងជាប់ដោយជោគជ័យទាំងទ្រឹស្តី និងដៃចង្កូត)។
សម្រាប់ការចុះបញ្ជីយានយន្ត និងផ្តល់ស្លាកលេខយានយន្ត ក្រសួងក៏បានសហការជាមួយកន្លែងលក់យានយន្តមួយចំនួន ដើម្បីផ្តល់សេវាចុះបញ្ជីយានយន្ត និងផ្លាកលេខយានយន្តជូនភ្ញៀវផងដែរ។ ពោលប្រជាពលរដ្ឋ ដែលទៅទិញរថយន្ត ឬក៏ម៉ូតូ គឺអាចយកផ្លាកលេខរថ យន្ត ឬ ម៉ូតូពីកន្លែងដែលពួកគេទិញនោះតែម្តង។
ជាមួយនិងការដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្មនេះ ក្រសួងសាធារណការ ក៏បានដាក់ឲ្យដំណើរកម្មវិធីរៀនទ្រឹស្តីបើកបរ ក៏ដូចជាស្លាកសញ្ញាចរាចរតាមប្រព័ន្ធអនឡាញផងដែរ។ តាមរយៈកម្មវិធីប្រជាពលរដ្ឋអាចចូលទៅឆ្លើយសំណួរផ្សេងពាក់ព័ន្ធការបើកបរ ហើយក៏ សាកឆ្លើយសំណួរពាក់ព័ន្ធការបើកបរ ដើម្បីសាកល្បងសមត្ថភាពរបស់ខ្លួន៕