(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ៤៧,៤៣០ដុល្លារអាមេរិក ដើម្បីខួងអណ្តូងទឹកស្អាត ចំនួន១៧ ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន ៣៦៤គ្រួសារ ស្មើនឹងមនុស្ស ១,៨៧៦នាក់ រស់នៅឃុំចំនួន៣ នៃស្រុកសៀមបូក និងស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង។
កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស ដែលជានិច្ចកាលតែងយក ព្រះទ័យទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជានុរាស្ត្រ និងតែងតែដោះស្រាយបញ្ហាការខ្វះទឹកស្អាត ប្រើប្រាស់ជូនប្រជានុរាស្ត្រ ដែលខ្វះខាតទឹកនៅគ្រប់ទីកន្លែង ជាពិសេស នៅតាមទីជនបទដាច់ស្រយាល។
សូមបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០១០ មកខេត្តស្ទឹងត្រែង ទទួលបានអណ្តូងទឹកស្អាតសរុបចំនួន ៧០អណ្តូង ពីកាកបាទក្រហមកម្ពុជា។ ដោយឡែកក្នុងឆ្នាំ ២០១៦ កន្លងមកនេះ ខេត្តស្ទឹងត្រែង បានទទួលអណ្តូងទឹកស្អាតចំនួន៤០ ក្នុងនោះអណ្តូងចំនួន២០ ដែលទើបខួងរួច ហើយនឹងធ្វើពិធីប្រគល់ឱ្យប្រើប្រាស់ជាផ្លូវការ តាមរយៈក្រុមការងារទទួលបន្ទុកអណ្តូងទឹក និងអនាម័យរបស់កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះហើយ៕