(ពោធិ៍សាត់)៖ កម្លាំងចម្រុះរួមមានកម្លាំងនគរបាល កម្លាំងអាវុធហត្ថខេត្ត កម្លាំងមូលដ្ឋានអាវុធហត្ថស្រុក និងកម្លាំងរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបការដឹកជញ្ជូន ឈើប្រណិតដោយខុសច្បាប់ តាមរទេះបានចំនួន៩រទេះ។
ប្រតិបត្តិការបង្ក្រាបខាងលើនេះ ធ្វើឡើងនៅពីវេលាម៉ោង១១យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពពីកម្លាំងមូលដ្ឋានអាវុធហត្ថស្រុក បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ឈើប្រណិតប្រភេទធ្នង់ ដែលកម្លាំងចម្រុះបង្ក្រាបបាន មានចំនួន៥១ដុំ ដឹកលើរទះចំនួន៩ ម្ចាស់បានរត់គេចខ្លួនអស់ ៤នាក់ នៅសល់តែ ៥នាក់ប៉ុណ្ណោះ ដែលក្នុងនោះរួមមាន៖ ១-ឈ្មោះ ង៉ុយ ហំ ភេទប្រុស អាយុ៣៥ឆ្នាំ ២-ឈ្មោះ ឡឹម ហ៊ុ ភេទប្រុស អាយុ៣៨ឆ្នាំ ៣-ឈ្មោះ ផែក ភឿន ភេទប្រុស អាយុ ៥៣ឆ្នាំ ៤-ឈ្មោះ ហ៊ុ ង៉ា ភេទប្រុស អាយុ១៥ឆ្នាំ ៥-ឈ្មោះ ហ៊ុ ហាន ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង៥ រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ប្រភពបានបន្តថា វត្ថុតាង និងម្ចាស់ក្របីទាំង៥នាក់ យើងបានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនីតិវិធី៕