(កំពង់ចាម)៖ ក្រុមការងារថ្នាក់កណ្ដាលថ្នាក់ខេត្ត និងថ្នាក់ស្រុកចុះជួយឃុំបឹងណាយស្រុកព្រៃឈរ ដឹកនាំដោយ លោក វ៉េង សុធី ប្រធានក្រុមការងារថ្នាក់កណ្ដាល លោកស្រី តោ ពិឡា ទីប្រឹក្សាសម្តេចក្រឡាហោម បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមគ្រួសារដែលទើបសំរាលកូនថ្មីៗ និងធ្វើការជួសជុលផ្លូវលំ ទៅជាផ្លូវគ្រួស ប្រវែងជាង២០០០ម៉ែត្រ ស្ថិតនៅក្នុងឃុំបឹងណាយស្រុកព្រៃឈរ ខេត្តកំពង់ចាមនា ថ្ងៃទី២៩-៣០ ខែមករា ឆ្នាំ២០១៧។
នៅក្នុងមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ លោក វ៉េង សុធី ប្រធានក្រុមការងារ និងលោកស្រី តោ ពិឡា អនុប្រធានក្រុមការងារថ្នាក់កណ្ដាល បានលើកឡើងថា ក្រុមការងារថ្នាក់កណ្ដាលរួមជា មួយថ្នាក់ខេត្ត ថ្នាក់ស្រុក តែងតែស្ថិតនៅជិតប្រជាពលរដ្ឋជានិច្ច ដើម្បីបានស្វែងយល់ពីទុក្ខលំបាករបស់ ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរួមចំណែកក្នុងការអភិវឌ្ឍន៍មូលដ្ឋានផងដែរ និងតាមរយៈមូលនិធិរបស់ លោក ប៉ាន់ សូរស័ក្ដិ ប្រធានចុះជួយស្រុកព្រៃឈរខេត្តកំពង់ចាម។
ជាក់ស្ដែងនៅថ្ងៃនេះក្រុមការងារថ្នាក់កណ្ដាលរួមជា មួយថ្នាក់ខេត្ត ថ្នាក់ស្រុក បាននាំយកថវិកាចំនួន១០០០ដុល្លារ ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាវត្តទួលសិលា ហៅវត្តឈើបាក់ជាតម្ល ស៊ីម៉ង់ ដែលព្រះសង្ឃបានបិណ្ឌបាត ដើម្បីយកទៅ កសាងព្រះវិហាបន្ត។ ទន្ទឹមនិងកិច្ចអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ក្រុមការងារចូលរួមបដិភាគជាមួយមូលនិធិឃុំ ក្នុងសកម្មភាពស្ដារកែលំអផ្លូវលំចំនួន៣ខ្សែ ដែលមានបណ្តោយដោយជាង២០០០ម៉ែត្រ ដែលត្រូវចាក់ដីគ្រួសចំនួន១៥០ឡាន។
សូមបញ្ជាក់ថា ជាការពិត ក្រុមការងារតែងតែបានគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ក្នុងនោះស្ត្រីទើបនឹងសម្រាលកូន នៅក្នុងចំនួន១០នាក់ម្នាក់ៗ ទទួលបានប្រាក់ឧបត្ថមពីក្រុមការងារ ចំនួន១០ម៉ឺនរៀល និងសំភារ:មួយចំនួន និងបានឧបត្ថមអ្នកជម្ងឺសសៃប្រាសាទ និងចាស់ជរា២នាក់ម្នាក់ៗ ១០ម៉ឺនរៀលសំភារ:មួយចំនួន។
ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារ ក៏បានចូលរួមឧបត្ថមបច្ច័យ ក្នុងពិធីបុណ្យដាលានភូមិឈូកស និងភូមិតាអុក ១ភូមិផ្តល់ថវិកា ២០ម៉ឺនរៀល ព្រះសង្ឃ យាយជី តាជី ៤០នាក់ ចំនួន ២ម៉ឺនរៀល ពិធីបុណ្យនេះប្រជាពលរដ្ឋតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្រោយពីប្រមូលផលស្រូវរួចរាល់។
សូមបញ្ជាក់នាព្រឹកថ្ងៃទី៣០ ខែមករានេះក្រុមការងារថ្នាក់កណ្តាល បានអញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋ ជូនចាស់ៗម្នាក់ៗ ទទួលបានថវិកា១៥០០០រៀល ឧបត្ថម្ភដីជួសជុលផ្លូវលំភូមិឈូកសរ ៥ឡានចែកប្រេងកូឡាសញ្ញាគណបក្សប្រជាជនកម្ពុជា ដល់ប្រជាពលរដ្ឋ៤៩២នាក់ ក្នុងម្នាក់១ប្រអប់ផងដែរ៕