(ព្រះសីហនុ)៖ សមត្ថកិច្ចឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ មានករណីកម្មការីនីរោងចក្រ Romant Cleather Cambodia Co., Ltd. ផលិតកាបូប មានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំនួន២៨នាក់ក្នុងចំណោមកម្មករ និងកម្មការីនីសរុបចំនួន៤០០នាក់ បានដួលសន្លប់ក្នុងពេលកំពុងធ្វើការ។
ក្រោយហេតុការណ៍នេះជនរងគ្រោះ ត្រូវបានខាងក្រុមហ៊ុនដឹកជញ្ជូនយកទៅព្យាបាលនៅពេទ្យឯកជន នៅក្នុងក្រុងព្រះសីហនុភ្លាមៗដែរ។ ទោះជាយ៉ាងនេះក្តីមិនមានអ្នករងគ្រោះដល់អាយុជិវិតទេ ហើយចំពោះមូលហេតុដែលនាំឲ្យមានការដួលសន្លប់នេះលោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ:ខេត្តព្រះសីហនុ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា គឺផ្តើមចេញពីកម្មការីនីម្នាក់ ដែលនៅថែទាំគ្រួសាររបស់គាត់ គ្រោះថ្នាក់ចរាចរណ៍ ហើយព្រឹកឡើងខំមកធ្វើការទាំងអត់ងងុយក៏ដួលសន្លប់ក្នុងរោងចក្រតែម្តង ហើយភ្លាមៗនោះ ក៏មានការដួលសន្លប់បន្តបន្ទាប់គ្នា រហូតកើនឡើងដល់ចំនួន២៨នាក់តែម្តង។
លោក យ៉ូវ ខេមរ៉ា ក៏បានបន្ថែមថា បើតាមការពិនិត្យរបស់គ្រូពេទ្យកម្មការនី ដែលដួលសន្លប់ទាំងនោះខ្វះជាតិស្ករ និងកាល់ស្យូម ចំណែកស្ថានភាពនៅរោងចក្រមិនមានបញ្ហាចោទឡើយ។
ក្រោយកើតហេតុរោងចក្របានអនុញ្ញាតឲ្យកម្មករ កម្មការីនី ទាំងអស់ឈប់សំរាកជាបណ្តោះអាសន្ន នៅក្រោយហេតុការណ៍នេះ ហើយនិងចូលធ្វើការឡើងវិញ នៅថ្ងៃស្អែក ចំពោះកម្មការនី ដែលមិនទាន់ចេញពីពេទ្យនិងអនុញ្ញាតឲ្យឈប់បន្តទៀត រហូតដល់សុខភាពបានល្អប្រសើរឡើងវិញ៕