(ភ្នំពេញ)៖ ថ្លែងឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលចំនួន៤៨ អំពាវនាវឲ្យសាលាឧទ្ធរណ៍បដិសេធផ្តន្ទាទោសសកម្មជនបរិស្ថាន៣រូប របស់សាលាដំបូងខេត្តកោះកុង, នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា សូមអង្គការសង្គមស៊ីវិល ប្រយ័ត្នប្រយែងចំពោះការធ្វើអត្ថាធិប្បាយអ្វីមួយ ត្រូវមើលច្បាប់ និងត្រូវមានសក្ខីកម្ម និងសូមយកពេលវេលាធ្វើរឿងដែលមានប្រយោជន៌ដូចជា ផ្តល់សាក្ខីកម្មជូនតុលាការ ឬអ្នកជំនាញច្បាប់ការពារកូនក្តី ដែលសកម្មភាពនេះពិតជាមានប្រយោជន៌ដល់ដំណើរការនៃរឿងក្តី។
លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តួនាទីផ្តល់យុត្តិធម៌ដល់ភាគីនៃរឿងក្តី ត្រូវបានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់អំណាច ជូនស្ថាប័នតុលាការ។ ជនដែលត្រូវបានតុលាការផ្តន្ទាទោស លុះណាតែជននោះត្រូវបានតុលាការរកឃើញថា បានប្រព្រឹត្តទង្វើរណាមួយដែលច្បាប់ បានកំណត់ថាជាបទល្មើស។ ទន្ទឹមនឹងនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជាស្ថាប័នដែលមានតួនាទីក្នុងការពិនិត្យ និងសម្រេចដាក់វិន័យ ដល់ចៅក្រម ឬព្រះរាជអាជ្ញា ដែលបានប្រព្រឹត្តកំហុសក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួន»។
អ្នកនំាពាក្យក្រសួងយុត្តិធម៌ដដែលរូបនោះ បានបន្តយ៉ាងដូច្នេះទៀតថា៖ «សូមយកពេលវេលារបស់អ្នកធ្វើរឿងដែលមានប្រយោជន៌ ដូចជាផ្តល់សាក្ខីកម្ម ជូនតុលាការ ឬអ្នកជំនាញច្បាប់ការពារកូនក្តី ដែលសកម្មភាពនេះពិតជាមានប្រយោជន៌ដល់ដំណើរការនៃរឿងក្តី។ ហេតុនេះសូមអង្គការទាំងឡាយ មុននឹងធ្វើអត្ថាធិប្បាយ ឬចោទប្រកាន់អ្វីមួយ សូមពិនិត្យអោយបានល្អិតល្អន់លើទិដ្ឋភាពច្បាប់ និងត្រូវមានសាក្ខីកម្មអោយបានច្បាស់លាស់ ដើម្បីជៀសវាងការបង្កើតនូវកំហុសណាមួយជាយថាហេតុ ហើយដែលច្បាប់បានកំណត់ថាជាអំពើល្មើស»។
ការឆ្លើយតបរបស់លោក គឹម សន្តិភាព បែបនេះធ្វើឡើងបន្ទាប់ពីមានអង្គការសង្គមស៊ីវិលចំនួន៤៨ បានចេញសេចក្ដីថ្លែងការណ៍រួម អំពាវនាវឲ្យ សាលាឧទ្ធរណ៍បដិសេធការផ្ដន្ទាទោសសកម្មជនបរិស្ថាន ៣រូប ខណៈដែលសាលាឧទ្ធរណ៍គ្រោងបើកសវនាការ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ស្អែកនេះ។ ការអំពាវនាវនេះ បន្ទាប់ពីពួកគេយល់ថា សេចក្ដីសម្រេចរបស់សាលាដំបូងខេត្តកោះកុង ពុំត្រឹមត្រូវ ប៉ុន្តែនៅពេលនេះត្រូវបាន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបវិញថា សូមយកពេលវេលាធ្វើរឿងដែលមានប្រយោជន៌ដូចជា ផ្តល់សាក្ខីកម្មជូនតុលាការ ឬអ្នកជំនាញច្បាប់ការពារកូនក្តី ដែលសកម្មភាពនេះ ពិតជាមានប្រយោជន៌ដល់ដំណើរការនៃរឿងក្តី៕