(រតនគិរី)៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី ដឹកនាំក្រុមការងារចុះនាំអំណោយចែកជូនបងប្អូនជាកងយោធា នៃវរការពារព្រំដែនលេខ102 ដែលឈរជើងការពារជាតិមាតុភូមិ ក្នុងភូមិសាស្រ្តខេត្តរតនគិរី ក្នុងនោះក៏មានការចូលរួមពី លោក ថង សា វុន អភិបាលខេត្តរតនគិរី លោក-លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមេបញ្ជាការកម្លាំងប្រដាប់អាវុធ។
លោក អ៊ុក សុធី មេបញ្ជាការវរការពារព្រំដែនលេខ102 បានលើកឡើងពីសម្ព័ន្ធភាពរបស់ក្រសួងកិច្ចការនារី ជាមួយអង្គភាព ហើយការងារនេះ ជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
លោកស្រី អ៊ឹង កន្ថាផាវី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្ដេចទាំងពីរតែងតែគិតគូរពី សុខទុក្ខបងប្អូនកងកម្លាំងដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងបូរណភាពទឹកដី ឲ្យនៅគង់វង្សជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូល។
អំណោយដែលលោកស្រីរដ្ឋមន្រ្តី បាននាំយកទៅឧបត្ថម្ភដល់កងវរលេខ102 នាពេលនោះ មានម៉ូតូយ៉ាម៉ាហាចំនួន ៦គ្រឿង ប្រាក់២លានរៀលដល់អង្គភាព, ២លានរៀលទៀតសម្រាប់បាយសាមគ្គី និង១២លានរៀលសម្រាប់យោធភូមិភាគ។ ដោយឡែកយោធិនការពារព្រំដែន ៥៥នាក់ទៀត ក៏ទទួលបានថវិកា ៤ម៉ឺនរៀល ឃីត១កញ្ចប់ អាវរងា១ និងគ្រួសារយោធិនពលី ក៏ទទួលបានអំណោយដូចគ្នាផងដែរ៕