(វ៉ាស៊ីនតោន)៖ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី ស្តីទីកូរ៉េខាងត្បូងលោក Hwang Kyo-Ahn លោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់អាមេរិក បានប្តេជ្ញាប្រើប្រាស់រនាំងដែក ការពារប្រទេស​សម្ព័ន្ធមិត្តរបស់ខ្លួននៅអាស៊ីបូព៌ាមួយនេះជានិច្ច ហើយមេដឹកនាំទាំងពីរ​ក៏​បានសន្យាពង្រឹង និងពង្រីក​កិច្ចសហប្រតិបត្តិការ​បន្ថែមទៀតផងដែរ ប្រឆាំងនឹងការគំរាមកំហែងរបស់​​ប្រទេស​កូរ៉េខាងជើង។ នេះបើតាម​ការចេញ​ផ្សាយ​​នៅមុននេះ​បន្តិច ដោយ​សារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍ពីសេតវិមានអាមេរិក បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្តេជ្ញាប្រើប្រាស់រនាំងដែក ដើម្បីការពារប្រទេសកូរ៉េខាងត្បូង ដោយក្នុងនោះរួមមានការពង្រីកនូវឧបករណ៍ការពារបន្ថែម និងពង្រឹង​សមត្ថភាពយោធា​ឲ្យបានពេញ​បរិបូរណ៍​តែម្តង»។ ទោះបីជាស្ថិតនៅក្នុង​កាលៈទេសៈណា​ក៏ដោយ ក៏សហរដ្ឋអាមេរិក​បានលើកឡើងថា ខ្លួននឹងធ្វើអ្វីៗគ្រប់យ៉ាង​​ដើម្បី​ការពារ​​កូរ៉េខាងត្បូង ពីការគំរាមកំហែង​​របស់កូរ៉េខាងជើង។

គួរបញ្ជាក់ថា​រដ្ឋមន្ត្រីការពារជាតិ​អាមេរិកថ្មី​លោក ចេមស៍ ម៉ាតទីស នឹងទៅបំពេញ​ទស្សនកិច្ចនៅ​​ប្រទេស​កូរ៉េខាងត្បូង នៅថ្ងៃពុធ​សប្តាហ៍នេះ ហើយនឹង​បន្តដំណើរទៅកាន់​ប្រទេសជប៉ុនបន្ថែមទៀត​ នៅថ្ងៃសុក្រ ដែលជាដំណើរ​ទស្សនកិច្ច​ដំបូង​ ទៅកាន់ប្រទេស​សម្ព័ន្ធមិត្តធំៗរបស់ខ្លួន ​នៅអាស៊ីបូព៌ា បន្ទាប់ពីទើបបាន​ឡើងកាន់តំណែងដ៏សំខាន់បំផុតនេះ៕