(ភ្នំពេញ)៖ យានយន្តជាង៣លានគ្រឿងនៅកម្ពុជា ត្រូវបានចុះបញ្ជី ដោយក្នុងនោះមានរថយន្តជាង១៥% នេះបើយោងតាមសម្តី លោក ចាន់ តារា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន ក្រសួងសាធារណការ ថ្លែងឲ្យដឹងនៅក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងផ្តល់បណ្ណបើកបរយានយន្ត ព្រមទាំងកម្មវិធីយល់ដឹងអំពីទ្រឹស្តី នៃការបើកបរលើទូរស័ព្ទ។
លោកអគ្គនាយក បានបញ្ជាក់ថា ចំពោះបណ្ណបើកបរមានចំនួនជាង១លាន ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋ ក្នុងនោះ៨៦%ជាប័ណ្ណបើកបរ សម្រាប់រថយន្ត។ ចំណែកយាន្តជំនិះបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន្ត គិតជាមធ្យមក្នុងមួយឆ្នាំៗ ក្នុងរយៈពេលបីឆ្នាំចុង ក្រោយនេះមាន២៣៩១២៦គ្រឿង ហើយចំនួននេះ នឹងត្រូវកើនឡើងជាលំដាប់។ បច្ចុប្បន្នមានកន្លែងត្រួតពិនិត្យយានយន្ត មានភ្នំពេញ កំពង់ចាម ក្រចេះ ព្រះវិហារ រតនគិរី សៀមរាប បាត់ដំបង់ កំពង់ស្ពឺ ព្រះសីហនុ ជាដើម។ ក្រសួងក៏មានយានយន្តសម្រាប់ ត្រួតពិនិត្យរថយន្ត ចល័តមួយគ្រឿង សម្រាប់ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ នៅតាមបណ្តាខេត្តឆ្ងាយៗដែលមិនទាន់មាន កន្លែងត្រួតពិនិត្យយានយន្តផងដែរ។
សូមជំរាបថា ក្រសួងសាធារណការ និងដឹកជញ្ជូននៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រ ព័ន្ធស្វ័យប្រវត្តិកម្ម ចុះបញ្ជីយានជំនិះ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងផ្តល់បណ្ណបើកបរយានយន្ត ព្រមទាំងកម្មវិធីយល់ដឹងអំពីទ្រឹស្តី នៃការបើកបរលើទូរស័ព្ទ។
ពិធីនេះធ្វើឡើងនៅសណ្ឋាគារអ៊ីនធើខន ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីក្រសួងពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍មួយចំនួនទៀត៕