(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោនរបស់កម្ពុជា នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលក្រុម Home United របស់សិង្ហបុរី នាវេលាម៉ោង៦ល្ងាចនេះ នៅក្នុងជំនួបវគ្គជម្រុះ Play-Off ជើងទី១ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ី AFC Cup 2017 ហើយក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ។

លោក សែម សំណាង គ្រូបង្វឹកក្រុមភ្នំពេញក្រោន បានថ្លែងក្នុងសន្និសីទមុនការប្រកួតពីម្សិលមិញថា ជំនួបជើងទី១ ល្ងាចនេះ អាចនឹងមានផលវិបាកខ្លាំង សម្រាប់កូនក្រុមរបស់ខ្លួន ដោយសារ Home United គឺជាក្រុមមានបទពិសោធន៍ខ្ពស់ និងមានកីឡាករល្អៗច្រើន ខណៈភ្នំពេញក្រោនបណ្ដុំដោយកីឡាករក្មេងៗច្រើន។

គ្រួបង្វឹកសញ្ញាតិខ្មែររូបនេះបន្ដថា មួយរយៈពេលចុងក្រោយនេះ ភ្នំពេញក្រោនទទួលលទ្ធផលមិនសូវល្អពីការប្រកួតមិត្តភាពនោះទេ ប៉ុន្ដែវាគឺជាបទពិសោធន៍ដ៏ល្អ សម្រាប់កីឡាករវ័យក្មេងរបស់ខ្លួន ពិសេសពេលជួបក្រុមខ្លាំងថៃ Buriram តែម្ដង។ ចំណែកការជួបក្រុម Home United ល្ងាចនេះ ក៏ជាបទពិសោធន៍ដែរ ប៉ុន្ដែលទ្ធផលយ៉ាងណាមិនទាន់ប្រាកដនោះទេ ទាល់តែចប់ការប្រកួតពេញម៉ោងទើបដឹង។

រីឯលោក Aidil Sharin គ្រូបង្វឹកក្រុម Home United បានថ្លែងថា ទោះបីភ្នំពេញក្រោន មានកីឡាករក្មេងៗច្រើនក្ដី ក្រុមលោកនៅតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ពិសេសគឺកីឡាករ កែវ សុខផេង, ខ្សែប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ា Shane Booysen និងកីឡាករអ៊ុយក្រែន Volodymyr Ordynskyi ដែលជាឧបសគ្គរបស់ខ្លួនតែម្ដង។ លោកបន្ដថា ការប្រកួតក្រៅដី គឺជាការលំបាក តែលោករឹតតែត្រូវការឈ្នះ ដើម្បីងាយស្រួលជួបគ្នាជើងទី២ លើទឹកដីខ្លួនវិញ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខ៕