(ភ្នំពេញ)៖ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ក្រោមការសម្របសម្រួលពី លោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំបញ្ជាកម្លាំងនគរបាលខណ្ឌ បានចុះបង្ក្រាបទីតាំងលេងល្បែងជល់មាន់នៅចំណុចដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយឃាត់ខ្លួនបានជនសង្ស័យ ១៤នាក់ (ស្រី១នាក់) មាន់ជល់៩ក្បាល។
លោកអធិការខណ្ឌ ម៉ក់ ហុង បានឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧។ ដោយកម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យបានចំនួន ១៤នាក់ និងបានដកហូតមាន់ជល់៩ក្បាល, ម៉ូតូ១គ្រឿងម៉ាកហុងដា ពាក់ស្លាកលេខ ភ្នំពេញ 1DF-3266 ប្រាក់រៀលចំនួន ១,១០៥,០០០រៀល ប្រាក់ដុល្លារចំនួន ២,៦០០ដុល្លារ និងវត្ថុតាងជាច្រើនទៀត។
ក្រោយឃាត់ខ្លួនបានហើយ កម្លាំងនគរបាលខណ្ឌបាននាំជនសង្ស័យរួមជាមួយវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕