(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស៣២នាក់បានស្លាប់ និង៩៧នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋានគរបាលជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា រយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២៩ ខែមករា គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៦០លើក (ថយចុះ១២លើក) ស្លាប់៣២នាក់ (ថយចុះ៦នាក់) របួសធ្ងន់៦៩នាក់ (ថយចុុះ១៦នាក់) និងរបួសស្រាល២៨នាក់ (ថយចុះ១៤នាក់)។ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នា កាលពីបុណ្យចូលឆ្នាំចិន ឆ្នាំមុនឃើញថា គ្រោះថ្នាក់ចរាចរណ៍ មានការថយចុះ ដោយកាលពីឆ្នាំមុន កើតឡើង៧២លើក ស្លាប់៣៨នាក់ របួសធ្ងន់៨៥នាក់ និងរបួសស្រាល៤២នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ បានឲ្យដឹងទៀតថា មូលហេតុសំខាន់ ដែលបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍គឺ ការបើកបរល្មើសល្បឿន និងបើកបរក្នុងស្ថានភាពស្រវឹង ហើយភាគច្រើននៃអ្នកស្លាប់ គឺជាអ្នកបើកបរម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព។ ពាក់ព័ន្ធនឹងការបើកបរ ល្មើសល្បឿន និងស្រវឹងនេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមអំពាវនាវអោយបងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរចរណ៍ផ្លូវគោក ដោយមិនត្រូវមិនត្រូវបើកបរ ក្នុងស្ថានភាពស្រវឹង និងបើកបរល្មើសល្បឿនកំណត់ឡើយ ក្នុងឱកាសបុណ្យចូឡឆ្នាំចិននេះ។
ក្នុងករណីបើកបរក្នុងស្ថានភាពស្រវឹង សមត្ថកិច្ចនឹងធ្វើការឃាត់ និងពិន័យតាមអនុក្រឹត្យលេខ៨៥ ឬបញ្ជូនទៅតុលាការតាមមាត្រា៧៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (ករណីស្រវឹងលើស កម្រិតច្បាប់កំណត់)។ គួររំលឹកផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមកាលពីឆ្នាំ២០១៦ មានមនុស្សស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ចំនួន៤១នាក់ និងក្នុងចំណោមគ្រោះថ្នាក់៨០ករណី៕