(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានមនុស្ស២២នាក់បានស្លាប់ និង៦០នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសរយៈពេល២ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋានគរបាលជាតិ។
របាយការណ៍ដដែលបានបញ្ជាក់ថា រយៈពេល២ថ្ងៃ នៃបុណ្យចូលឆ្នាំចិន-វៀតណាម ពោលចាប់ពីថ្ងៃសែនចិន ថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២៨ ខែមករា ដែលជាថ្ងៃចូលឆ្នាំ ថ្ងៃទី១ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៣៨លើក ស្លាប់២២នាក់ របួសធ្ងន់៣៨នាក់ និងរបួសស្រាល២២នាក់។ ប៉ុន្តែបើធៀបនឹងរយៈពេលដូចគ្នា កាលពីបុណ្យចូលឆ្នាំចិន ឆ្នាំមុនឃើញថា គ្រោះថ្នាក់ចរាចរណ៍ មានការថយចុះគួរឲ្យគត់សម្គាល់ ដោយកាលពីឆ្នាំមុន កើតឡើង៥៤លើក ស្លាប់៣០នាក់ របួសធ្ងន់៦៨នាក់ និងរបួសស្រាល៣៤នាក់។
នាយកដ្ឋាននគរបាលចរាចរណ៍ បានឲ្យដឹងទៀតថា មូលហេតុសំខាន់ ដែលបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍គឺ ការបើកបរល្មើសល្បឿន និងបើកបរក្នុងស្ថានភាពស្រវឹង ហើយភាគច្រើននៃអ្នកស្លាប់ គឺជាអ្នកបើកបរម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព។ ខេត្តដែលមានចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេ គឺខេត្តកំពង់ស្ពឺ ខេត្តកំពត ក្រចេះ មណ្ឌលគិរី រាជធានីភ្នំពេញ។
សូមជម្រាបថា នៅថ្ងៃទី១នៃបុណ្យចូលឆ្នាំចិនម្សិលមិញនេះ មានគ្រោះថ្នាក់ចរាចរណ៍២២លើក ស្លាប់១១នាក់ និងរបួសធ្ងន់ស្រាល ២៣នាក់ ហើយមូលហេតុចំបង ដោយសារបើកបរល្មើសល្បឿន ស្រវឹង។
ពាក់ព័ន្ធនឹងការបើកបរ ល្មើសល្បឿន និងស្រវឹងនេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ សូមអំពាវនាវអោយបងប្អូនអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរចរណ៍ផ្លូវគោក ដោយមិនត្រូវមិនត្រូវបើកបរ ក្នុងស្ថានភាពស្រវឹង និងបើកបរល្មើសល្បឿនកំណត់ឡើយ ក្នុងឱកាសបុណ្យចូឡឆ្នាំចិននេះ។ ក្នុងករណីបើកបរក្នុងស្ថានភាពស្រវឹង សមត្ថកិច្ចនឹងធ្វើការឃាត់ និងពិន័យតាមអនុក្រឹត្យលេខ៨៥ ឬបញ្ជូនទៅតុលាការតាមមាត្រា៧៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (ករណីស្រវឹងលើស កម្រិតច្បាប់កំណត់)។
គួររំលឹកផងដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមកាលពីឆ្នាំ២០១៦ មានមនុស្សស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ចំនួន៤១នាក់ និងក្នុងចំណោមគ្រោះថ្នាក់៨០ករណី៕